ភ្នំពេញ៖ រយៈពេល១២ខែ នៃឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា ដល់ខែធ្នូ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៣,៦ ពាន់លានដុល្លារ ធ្លាក់ចុះជិត ១៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ រយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៥កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៣,៦ ពាន់លានដុល្លារ ក្នុងនោះកម្ពុជាសម្រេចការនាំចេញទៅថៃក្នុងទឹកប្រាក់ជាង ៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤.១៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈនាំចូលពីថៃវិញក្នុងទឹកប្រាក់ប្រមាណ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥,០៤% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។
គួរបញ្ជាក់ថា រយៈពេល១២ខែនៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៤,២ ពាន់លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទៅថៃក្នុងទឹកប្រាក់ប្រមាណ ៨៥៣ លានដុល្លារ និងនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៣,៤ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕