កំពង់ធំ៖ លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំ ណែនាំដល់កងកម្លាំងប្រចាំការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលដឹកនាំដោយលោក ហែម ថន និងលោក ភោគ ប៊ុនធឿន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលនៅតែកើតមាន។
ប្រតិបត្តិការបង្ក្រាបនោះ លោក ភោគ ប៊ុនធឿន នៅថ្ងៃទី០៧ ខែមករា បានដឹកនាំកងកម្លាំង សហការជាមួយសមត្ថកិច្ចជំនាញ បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់ក្អែកដេក និងតំបន់តាកន នៅក្នុងភូមិសាស្ត្រឃុំម្សារក្រង ស្រុកស្ទោង។ ជាលទ្ធផលបានរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន ៦របាំង ប្រវែងជាង ១,៨០០ម៉ែត្រ និងបានបំផ្លាញចោលឡុកសាច់អួនចំនួន ៥គ្រឿង លបឬលូចំនួន ១២មាត់ និងចាក់ប្រលែងត្រីចម្រុះជាង ៣០គីឡូក្រាម។
ជាមួយនោះដែរ លោក ហែម ថន ដែលប្រចាំការនៅទីបញ្ជាការស្រាលឃុំផាត់សណ្ដាយ បានដឹកនាំកងកម្លាំងសហការជាមួយសមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់កោះខ្លា ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដោយបានបំផ្លាញសាច់អួនក្រឡាញឹកចំនួន ១របាំង ប្រវែងជាង ២០០ម៉ែត្រ ព្រមទាំងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀតផងដែរ៕