681 ezgif.com resize
Swift cc time

អ្នកវិនិយោគចិននៅកម្ពុជា នាំយកអំណោយសប្បុរសធម៌ជូន សម្តេចប្រធានរដ្ឋសភា សម្រាប់ចែកជូនដល់វីរកងទ័ព និងជនភៀសសឹក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៦មករាបានអនុញ្ញតជូន គណៈប្រតិភូធុរជនចិនដែលវិនិយោគនៅកម្ពុជា ដឹកនាំដោយលោកស្រី ខារី លីវ នាយកប្រតិបត្តិមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យអាស៊ី -អឺរ៉ុប ចូលជួបសម្តែងការគួរសម ដើម្បីទទួលអនុសាសន៍និងបានប្រគល់អំណោយសប្បុរសធម៌ ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់ចែកជូនវីរយុទ្ធជននៅសមរភូមិមុខ និងពលរដ្ឋភៀសសឹក។ អំណោយដែលគណៈប្រតិភូវិនិយោគចិននៅកម្ពុជា បានប្រគល់ជូនសម្តេចប្រធានរដ្ឋសភានាពេលនេះ មានអង្ករ១០តោន ទឹកបរិសុទ្ធ៥០០កេស នំចំនួន១៥កេស មីកំប៉ុងចំនួន២៥០កេស។ គណៈប្រតិភូបានបញ្ជាក់ថានឹងកៀរគរអំណោយមនុស្សធម៌ ប្រគល់ជូនសម្តេចប្រធានរដ្ឋសភាជាបន្តបន្ទាប់ទៀត។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់គណៈប្រតិភូ ដែលជាអ្នកវិនិយោគបរទេសនៅកម្ពុជា បានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជាមួយពលរដ្ឋខ្មែរ នៅក្នុងគ្រាដ៏លំបាក ដែលកម្ពុជាបានកំពុងជួបប្រទះនេះ។ សម្តេចបានគូសបញ្ជាក់ថាកាយវិការមនុស្សធម៌នេះ បានឆ្លុះបញ្ចំាងយ៉ាងច្បាស់ពីចំណងមិត្តដែកថែបកម្ពុជានិងចិន ដែលបានចាក់ឫសយ៉ាងជ្រៅនៅគ្រប់ប្រទាប់វណ្ណៈ រវាងប្រជាជននិងប្រជាជន ថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ និងរវាងស្ថាប័ននិងស្ថាប័ន។

លោកស្រី ខារី លីវ បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូវិនិយោគចិននៅកម្ពុជានាឱកាសនេះ។ លោកស្រីបានបញ្ជាក់ថា គណៈប្រតិភូដែលបានចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភាពេលនេះ ជាអ្នកបានវិនិយោគក្នុងវិស័យផ្សេងៗគ្នា ហើយពួកគាត់ម្នាក់ៗ បោះទុនវិយោគនៅកម្ពុជាក្នុងរយៈពេលលើសពី១០ឆ្នាំ មកហើយ។ កម្ពុជាបានផ្តល់នូវឱកាសល្អសម្រាប់ការវិនិយោគនិងការរស់នៅ ដូច្នេះការចូលរួមចំណែកបរិច្ចាគជួយសង្គមកម្ពុជានាឱកាសនេះ ជាការតបស្នងសងគុណដល់ប្រទេសនិងប្រជាជនកម្ពុជាវិញ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះអ្នកវិនិយោគបរទេសនៅកម្ពុជា ដែលមានការជឿទុកចិត្តយ៉ាងរឹងមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅគ្រាដែលកម្ពុជាមានការលំបាកបែបនេះ អ្នកវិនិយោគចិន បន្តស្នាក់នៅកម្ពុជាហើយថែមទំាងបានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត។ ប្រការនេះ កើតមានបាន អាស្រ័យលើការមាននំនុកចិត្ត ជឿជាក់លើការដឹកនាំច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សម្តេច ឃួន សុដារី បានស្នើសូមដល់អ្នកវិយោគទំាងអស់នៅកម្ពុជា ប្រែក្លាយឱកាស ដែលកម្ពុជាមានការលំបាកនេះ ជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងមុខជំនួញរបស់ខ្លួន ដើម្បីការរីកចម្រើនទំាងអស់គ្នាពីព្រោះថារាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តគ្រប់បែបយ៉ាងដល់ការវិនិយោគពីបរទេស ។ កម្ពុជានៅមានសក្តានុពលជាច្រើនទៀត ដែលគេអាចពង្រីកនិងបោះទុនវិនិយោគបន្ថែមបាន៕


Khcct banner

អត្ថបទទាក់ទង