ភ្នំពេញ៖ គិតត្រឹមដើមខែមករា ឆ្នាំ២០២៦ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដែលមានប្រវែងសរុប ១ ៦៥០ម៉ែត្រ សម្រេចបាន ៥៤,២០% ហើយ លឿនជាងផែនការ ៣,៤៥%។ បន្ទាប់ពីសាងសង់រួច ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ។
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ គម្រោងសម្រេចបាន ៥៤,២០ % លឿនជាងផែនការ ៣,៤៥% ក្នុងនោះ ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនា សម្ព័ន្ធ ក្រោមស្ពានសម្រេចបាន៨៩% (ជញ្ជាំងក្បាលស្ពាន ចំនួន៤ សម្រេចបាន ២ ក្បាលសសរស្ពានចំនួន៤ សម្រេចបាន ២ តួសសរស្ពាន ១២ រួចរាល់ សសរស្ពាន៥២ រួចរាល់ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពាន ចំនួន៣៤ សម្រេចបាន៣០ ធ្នឹម )។ ៣/ រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន២៩% ( ធ្នឹមT តម្លើង ១៨០ ដើម សម្រេចបាន ៨៣ និងធ្នឹម T ចាក់នៅកន្លែង ១៨០ ដើម សម្រេចបាន ៦៦ )។ ៤/បណ្តាញ ផ្លូវសម្រេចបាន ៣១,៣០ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ២៩% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៣៦%)។
ក្រុមការងារបានចុះពិនិត្យស្ថានភាពជម្រើសតម្រាយផ្លូវសម្រាប់ដឹកជញ្ជូនធ្នឹម T ពីការដ្ឋានចាក់ធ្នឹម ខាងលិចស្ពានទៅខាងកើតស្ពាន ដោយជំរុញឱ្យក្រុមហ៊ុនសាងសង់សិក្សាគិតគូរឱ្យបានល្អិតល្អន់បន្ថែម លើជម្រើសខ្សែផ្លូវ និងប្រភេទមធ្យោបាយដឹកជញ្ជូន ដើម្បីជៀសវាងការខូចខាតផ្លូវនិងស្ពាន ដែលមាននៅលើដងផ្លូវដែលត្រូវជ្រើសរើសសម្រាប់ការដឹកជញ្ជូនធ្នឹម។
គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១ ៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ។ ពេលសាងសង់រួចស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ៕