ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ៦ មករា ម្សិលមិញ បានបន្តកោះប្រជុំជាមួយបណ្តាស្ថានទូតអន្តរជាតិនានាប្រចាំនៅកម្ពុជា ដើម្បីប្រាប់ពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដី និង អធិតេយ្យរបស់កម្ពុជា។
ការកោះប្រជុំនោះ ដឹកនាំដោយផ្ទាល់ពីឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងមានការចូលរួមពីឯកអគ្គរដ្ឋទូត រាជទូត និងតំណាងអង្គការអន្តរជាតិនានាក្នុងរាជធានីភ្នំពេញចំនួន៣៣ ស្ថានតំណាង និង មានចំនួនសរុប៥៥ រូប។
យោងតាមក្រសួងការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំនោះ ប្រមុខការទូតកម្ពុជា បានជម្រាបជូនពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសត្រីភាគីកម្ពុជា-ថៃ-ចិន នៅខេត្តយូណាន ប្រទេសចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
លោក ប្រាក់ សុខុន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដី និង អធិតេយ្យរបស់កម្ពុជា ក្នុងខេត្តចំនួនបួន គឺ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និង ឧត្តរមានជ័យ។លោកបានបញ្ជាក់សាជាថ្មីថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងប្រកាន់យ៉ាងខ្ជាប់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។