ថៃ៖ យោងតាមការចេញផ្សាយរបស់កាសែតថៃ The Standard មានការរិះគន់ជាច្រើនលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ អំពីអាកប្បកិរិយារបស់អ្នករកស៊ីថតរូបមួយចំនួននៅតំបន់ទេសចរណ៍ «វត្តអរុណ» ដែលបានរារាំងភ្ញៀវទេសចរមិនឱ្យថតរូបនៅតំបន់សាធារណៈប្រសិនមិនប្រើសេវាកម្មថតរូបពីពួកគេ។ តាមកាសែត The Standard អជ្ញាធរថៃ លោក Saksira Phueak-am បានដឹកនាំប្រតិបត្តិការបញ្ជាឱ្យកងកម្លាំងពាក់ព័ន្ធចូលមកពិនិត្យ និងការពារកុំឱ្យស្ថានការណ៍ធ្ងន់ធ្ងរជាងនេះកើតឡើង។ ប៉ូលីសទេសចរណ៍ថៃ បានធ្វើកិច្ចសហការជាមួយមន្ត្រីជាន់ខ្ពស់ និងកម្លាំងពាក់ព័ន្ធ អនុវត្តការងារនេះ ដោយដោយផ្តោតលើការរៀបចំឱ្យមានកន្លែងថតរូបសមរម្យ ការធានាមិនបង្កការរំខានដល់ភ្ញៀវទេសចរ និងការលើកកម្ពស់អាកប្បកិរិយាដែលគោរព និងរួសរាយរាក់ទាក់ជាដើម។ក្នុងថ្ងៃដដែល ក៏មានការរៀបចំកិច្ចប្រជុំរវាង គណៈកម្មការគ្រប់គ្រងវត្ត អ្នកថតរូប និងមន្ត្រីប៉ូលីស ដើម្បីកំណត់វិធានការផ្តល់សេវាថតរូបឱ្យមានសណ្តាប់ធ្នាប់ និងយុត្តិធម៌ផងដែរ។
បន្ថែមពីនេះ ប៉ូលីសទេសចរណ៍ថៃបានចាប់ផ្តើមប្រតិបត្តិការដើម្បីរក្សានូវសណ្តាប់ធ្នាប់ និងស្ដារទំនុកចិត្តពីសំណាក់ភ្ញៀវទេសចរឡើងវិញ ដើម្បីផ្តល់អាទិភាពដល់អ្នកទេសចរដែលបានបង់ប្រាក់ចូលទស្សនា។
ប៉ូលីសទេសចរណ៍ថៃ បានឱ្យដឹងបន្ត អ្នករកស៊ីថតរូបនៅតែបន្តផ្តល់សេវាកម្មដល់ភ្ញៀវទេសចរនៅតំបន់នោះដដែល ប៉ុន្តែកងប៉ូលីសរាជធានី និងប៉ូលីសទេសចរណ៍ បានចុះមកត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើក្រុមអ្នករកស៊ីថតរូបទាំងនោះ។
អាជ្ញាធរក៏បានអំពាវនាវឱ្យអ្នកថតរូប ចូលរួមជួយភ្ញៀវទេសចរប្រកបដោយឥរិយាបថសមរម្យ មិនបង្កការរំខាន និងចូលរួមលើកកម្ពស់ស្តង់ដារទេសចរណ៍ថៃ ដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់ភ្ញៀវទេសចរចំពោះវត្តអរុណ ដែលជាតំបន់ទេសចរដ៏សំខាន់មួយនៃប្រទេសថៃ។