ភ្នំពេញ៖ អ្នកជំនាញវិស័យទេសចរណ៍កម្ពុជា បានចាត់ទុកកំណើនភ្ញៀវទេសចរឥណ្ឌានៅកម្ពុជានាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមាន និងជាឱកាសមាសសម្រាប់ទេសចរណ៍កម្ពុជា ដែលកំណើននេះនឹងជួយបំពេញបន្ថែមនូវចំនួនភ្ញៀវទេសចរនៅកម្ពុជា ជួយឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ច ខណៈឥណ្ឌាជាទីផ្សារដ៏ធំមួយ និងមានប្រជាពលរដ្ឋរស់នៅច្រើន ថែមទាំងមានកម្លាំងទិញខ្ពស់។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មកកាន់ស៊ីស៊ីថាមស៍ នៅថ្ងៃទី៦មករា ឆ្នាំ២០២៦។
លោកស្រី ឆាយ ស៊ីវ លីន បានមានប្រសាសន៍ថា កំណើនទេសចរឥណ្ឌា គឺបង្ហាញពីទំនាក់ទំនងវប្បធម៌ ព្រោះវត្តមានប្រជាជនឥណ្ឌាមកកម្សាន្តនៅតំបន់អង្គរគឺជាការផ្សារភ្ជាប់ឡើងវិញនូវឬសគល់វប្បធម៌ និងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ដែលកម្ពុជានិងឥណ្ឌា បានគោរពប្រតិបត្តិជាមួយគ្នាជាយូរលង់ណាស់មកហើយ។
លោកស្រីបន្តថា ដោយឡែកសម្រាប់សមាគមទេសចរណ៍កម្ពុជា ក៏បានសម្លឹងមើលទីផ្សារទេសចរឥណ្ឌាជាច្រើនឆ្នាំមកហើយ ដែលជាទីផ្សារទេសចរណ៍មានសក្តានុពលខ្ពស់ និងអាចជួយបំពេញបន្ថែមនូវកង្វះខាតរបស់វិស័យទេសចរណ៍នៅកម្ពុជា។
ជាមួយគ្នានេះ សមាគមទេសចរណ៍កម្ពុជាក៏ចាប់ផ្តើមត្រៀមជាមួយនិងការរៀបចំសេវាកម្មផលិតផលទេសចរណ៍ដែលត្រូវទៅនឹងទីផ្សារឥណ្ឌា ហើយក៏បានមើលឃើញពីបញ្ហាប្រឈមកន្លងមក នោះគឺម្ហូបអាហារ ដែលជាបញ្ហាចម្បងដែលត្រូវតែត្រៀម។ ដូចនេះ យើងក៏មានជាការបណ្ដុះបណ្ដាលការធ្វើម្ហូបអាហារឥណ្ឌា ដោយបានធ្វើការអញ្ជើញចុងភៅពីទីក្រុងបុមបៃ ប្រទេសឥណ្ឌា មកធ្វើការបណ្ដុះបណ្ដាលចែកជូនដល់សេវាករម្ហូបអាហារនៅតាមភោជនីយដ្ឋាន ក៏ដូចជាទីតាំងសណ្ឋាគារ ធ្វើយ៉ាងណាឱ្យសណ្ឋាគារនៅតាមតំបន់ទេសចរណ៍កម្ពុជាភាគច្រើនមានអាហារពេលព្រឹកបែបឥណ្ឌាជាច្រើនប្រភេទ សម្រាប់ភ្ញៀវទេសចរឥណ្ឌា ហើយក៏មានជាសិក្ខាសាលាដើម្បីពន្យល់ ណែនាំឱកយប្រតិបត្តិករទេសចរណ៍ទាំងអស់ឱ្យបានយល់ដឹងពីឥរិយាបទខ្លះៗពីរបៀបនៃការទំនាក់ទំនង ក៏ដូចជារបៀបនៃការទទួលភ្ញៀវទេសចរឥណ្ឌាផងដែរ។ ចំពោះការត្រៀមរៀបចំនេះ គឺខាងសមាគមបានត្រៀមរួចរាល់កាលពី២-៣ឆ្នាំមុខមកម្ល៉េះ ហើយបច្ចុប្បន្ននេះគឺមិនមានការបារម្ភនៅក្នុងការខ្វះខាតនូវអ្វីដែលជាតម្រូវការរបស់សេវាកម្មទេសចរណ៍ឥណ្ឌានោះទេ។
ទន្ទឹមនឹងនេះ សមាគមទេសចរណ៍កម្ពុជាក៏បានត្រៀមនូវសេវាកម្ម និងផលិតផលទេសចរណ៍ច្រើនបែបច្រើនយ៉ាងទៀតដើម្បីតម្រូវទៅនឹងចំណង់ចំណូលចិត្ត និងរបៀបនៃការចេញដើររបស់ទេសចរឥណ្ឌា ព្រោះឥណ្ឌាមានទីផ្សារនៃការចេញដើរកម្សាន្តតាមលក្ខណៈជាច្រើនដូចជា បែបលក្ខណៈគ្រួសារ ធម្មតា សហគមន៍ស្រ្តី បែបសិក្ខាសាលា បែបពាណិជ្ជកម្ម និងបែបសាសនា។
ខាងលើនេះ គឺជាការត្រៀមខ្លួននៅក្នុងប្រទេស ហើយសមាគមទេសចរណ៍កម្ពុជាក៏មានយុទ្ធសាស្រ្តនៃការចេញដើរទាក់ទាញនៅក្រៅប្រទេសផងដែរ ព្រោះថាការផ្សព្វផ្សាយរបស់កម្ពុជាគឺនៅមានកម្រិត ដូចនេះគឺត្រូវចេញក្រៅប្រទេសដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ធំៗនៅតាមទីក្រុងនីមួយៗនៃប្រទេសឥណ្ឌា ដោយបង្ហាញពីផលិតផលទេសចរណ៍កម្ពុជានៅគ្រប់ព្រឹត្តិការណ៍របស់ឥណ្ឌា។
ប្រធានសមាគមទេសចរណ៍រូបនេះបានបញ្ជាក់ថា វត្តមានទីផ្សារទេសចរឥណ្ឌាមកកាន់ប្រទេសកម្ពុជាគឺមានមកជាច្រើនឆ្នាំហើយ ជាពិសេសមានការកើនឡើងខ្លាំងនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ Cambodia Airlines ចាប់ផ្តើមហោះហើរទៅទីក្រុងញ៉ូដេលី ដែលធ្វើឱ្យការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាកាន់តែមានភាពទូលាយ ដែលបានទាក់ទាញការហោះហើរពីក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា ដោយហោះហើរពីទីក្រុង Kolkata ប្រទេសឥណ្ឌា មកកាន់ខេត្តសៀមរាប។ ដូចនេះ វាជាវត្តមានជើងហោះថ្មីបន្ថែមទៀត ដែលធ្វើឱ្យកម្ពុជាកាន់តែមានភាពល្បីល្បាញ និងកាន់តែទាក់ទាញថែមទៀតដល់ទីផ្សារទេសចរឥណ្ឌា។
គួរបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីរវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយទូតឥណ្ឌា កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា បានគូសបញ្ជាក់ពីជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ដល់សហគមន៍អេកូទេសចរណ៍ដែលបានគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរនៃប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត៕