វៀតណាម៖ តាមកាសែតNikkei Asia ចេញផ្សាយថ្ងៃ៥ មករា សេដ្ឋកិច្ចវៀតណាមកំពុងនាំមុខសេដ្ឋកិច្ចថៃ នឹងរំពឹងវ៉ាដាច់សេដ្ឋកិច្ចថៃ ចាប់ពីឆ្នាំ២០២៦នេះតទៅ តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលដឹកនាំដោយរដ្ឋាភិបាលវៀតណាម។ក្នុងឆ្នាំ២០២៥កន្លងមក វៀតណាមបានដាក់គោលដៅសម្រេចអត្រាកំណើនផលិតផលក្នុងស្រុក GDP ចំនួន៨% និងត្រូវបានព្យាករណ៍ថានឹងសម្រេចលើស ១០% សម្រាប់ឆ្នាំបន្ទាប់ៗ ខណៈ កំណើនសេដ្ឋកិច្ចរបស់ថៃវិញកំពុងធ្លាក់ចុះជាគំហុក ដោយសារតែបញ្ហាមិនប្រាកដប្រជានៃនយោបាយក្នុងស្រុក និងភាពតានតឹងតាមព្រំដែនជាមួយកម្ពុជា ដែលកំពុងប៉ះពាល់សេដ្ឋកិច្ចថៃជាគំហុក។ អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច OECD បានព្យាករណ៍ថា GDP របស់ថៃនឹងកើនឡើងត្រឹមតែ ១.៥% ប៉ុណ្ណោះក្នុងឆ្នាំ ២០២៦។
ផ្ទុយពីប្រទេសថៃ ការវិនិយោគសាធារណៈក្នុងប្រទេសវៀតណាម ត្រូវបានរំពឹងថានឹងកើនឡើង ២៦% ក្នុងឆ្នាំ ២០២៦។ ការវិនិយោគទាំងនោះរួមមាន ការវិនិយោគលើព្រលានយន្តហោះថ្មីនៅជិតទីក្រុងហូជីមិញ និងគម្រោងរថភ្លើងដែលគាំទ្រដោយចិន ដែលកំពុងសាងសង់។
យោងតាមសេដ្ឋកិច្ចវិទូ Can Van Luc ប្រាប់កាសែត Nikke Asia ការវិនិយោគនេះអាចជួយជម្រុញអត្រាកំណើនសេដ្ឋកិច្ចវៀតណាមបាន ១.៦ ភាគរយ និងអាចធ្វើឱ្យវៀតណាមក្លាយជាសេដ្ឋកិច្ចធំទី ៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី នៅឆ្នាំ ២០២៧។