ថៃ៖លទ្ធផលនៃការស្ទង់មតិមួយរបស់ទូរទស្សន៍ថៃ PBS សហការជាមួយ មជ្ឈមណ្ឌលស្ទង់មតិ Sripatum Poll–D-Vote របស់សាកលវិទ្យាល័យ ស្រ៊ីផាថុម (Sripatum) បង្ហាញថា មេដឹកនាំគណបក្សប្រជាជន លោក ណាត់ថាផុង រឿងផាន់យ៉ាវុធ ទទួលបានការគាំទ្រខ្ពស់ដាច់គេ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីក្នុងការបោះឆ្នោតជាតិថៃ នៅថ្ងៃ ០៨ ខែកុម្ភៈខាងមុខ ខណៈលោក អនុទីន នៅក្បែរបាតតារាងក្នុងចំណោមបេក្ខជនមកពីគណបក្សផ្សេងទៀត។
យោងតាមលទ្ធផលនៃការស្ទង់មតិបង្ហាញថា មេដឹកនាំគណបក្សប្រជាជន លោក ណាត់ថាផុង រឿងផាន់យ៉ាវុធ ទទួលបានការគាំទ្រខ្ពស់បំផុត ដល់ទៅ ៥៧.៤% សម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មី ខណៈ លោក យុទ្ធឆានុន វង្សសុវាត់ ពីគណបក្សភឿថៃ ទទួលបាន ១៨.២%។ លោកអាភិស៊ីដ វីចាជីវ៉ា មកពីគណបក្សប្រជាធិបតេយ្យ ទទួលបាន ៧.៣%។ ចំណែកឯលោកអនុទីន ចាន់វីរៈគុល មកពីគណបក្សភូមិចៃថៃ ទទួលបានត្រឹមតែ ៦.៧% និង ឧត្ដមសេនីយ៍ រាំងស៊ី គិទិយ៉ាន់សាប មកពីគណបក្សសេដ្ឋកិច្ចថៃ ទទួលបាន ៣.៣%។ តាមការស្ទង់មតិដដែល ប្រហែល ៣% នៃពលរដ្ឋថៃ បង្ហាញថា មិនមានជម្រើសណាមួយក្នុងចិត្ត។
បើតាមប្រភពដដែល ពលរដ្ឋថៃចង់បានពីនាយករដ្ឋមន្ត្រីថ្មីថៃ ដោះស្រាយលើ បញ្ហាសេដ្ឋកិច្ច និង តម្លៃជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន ៤២.៥% ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ២៥.៧% និង ការកែច្បាប់រដ្ឋធម្មនុញ្ញ ១៨% ខណៈបញ្ហាផ្សេងៗដូចជា បញ្ហាព្រំដែន ការអប់រំ សំណង់មូលដ្ឋាន និង បរិស្ថាន ទទួលបានភាគរយតិចជាង ៥%។ លើសពីនេះ ៨៧.៤% និយាយថា ពួកគេនឹងជ្រើសគណបក្សដូចគ្នា សម្រាប់សមាជិកសភាតាមតំបន់ និងបញ្ជីគណបក្ស ខណៈ ៣៨.៨% មានទស្សនៈថា ការបោះឆ្នោតថ្មី នឹងធ្វើឱ្យប្រទេសថៃប្រសើរឡើង៕