ព្រះវិហារ៖ យ៉ាងហោចណាស់មាន«កងកម្លាំងកម្ពុជា»ចំនួន២នាក់ នៅម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានរងរបួសធ្ងន់ និងស្រាល ដោយសារឧបទ្ទវហេតុ ការផ្ទុះគ្រាប់ចេញពីគំនរសំរាម ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
យោងតាមក្រសួងការពារជាតិ នៅម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់ និង របៀបរៀបរយនៅមូលដ្ឋានឈរជើងរបស់ខ្លួន ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់ និង ស្រាលចំនួន ២នាក់ ហើយបច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។
បើតាមក្រសួង ក្នុងករណីខាងលើនេះ ក្រុមការងារសម្របសម្រួលរវាងភាគី កម្ពុជា-ថៃ បាននឹងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះ។ ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ៕