ភ្នំពេញ៖ រយៈពេល១២ខែនៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.) បានចុះបញ្ជីគម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ នេះបើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥ គម្រោងវិនិយោគដែលមានទីតាំស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤៣។ ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល គ.វ.ក. នៃ ក.អ.ក.បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦,៩ប៊ីលានដុល្លារអាម៉េរិក។
រយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៥កន្លងទៅនេះ វិស័យដែលទទួលបានការវិនិយោគច្រើនជាងគេគឺ វិស័យឧស្សាហកម្ម ក្នុងទុនវិនិយោគសរុប ៥,៦ ប៊ីលានដុល្លារ។ បន្ទាប់មកគឺ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ក្នុងទុនវិនិយោគ ៣,៨ ប៊ីលានដុល្លារ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៤៣៦ លានដុល្លារ និងវិស័យទេសចរណ៍ ១៧៥ លានដុល្លារ។
ប្រភាពទុនវិនិយោគឈានមុខគេមានដូចជា៖ ចិន កម្ពុជា សិង្ហបុរី វៀតណាម កោះ British Virgin ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក កោះ Cayman កោះ Samoa និង Bermuda ៕