ភ្នំពេញ៖ ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជាង ៦០០លានដុល្លារ ពីការនាំចេញអង្ករចំនួន ៩៤០ ៣២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥។ ការនាំចេញអង្ករក្នុងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៥ គឺមានការកើនឡើងប្រមាណជាង ៤៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងចំណោមគោលដៅនាំចេញទាំង៧៥ កម្ពុជាបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៣៣៩ ៤១៧ តោន គិតជាទឹកប្រាក់ចំនួន ២៥៨.២៨ លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ២៣១ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ១៣៨.៣៦ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៨ ប្រទេសបានបរិមាណចំនួន ២៧៣ ៦៥៧ តោន គិតជាទឹកប្រាក់ចំនួន ១១៧.៦២ លានដុល្លារ និងទៅកាន់គោលដៅ ៣៧ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៩៦ ១២២ តោន គិតជាទឹកប្រាក់ចំនួន ៨៨.១៥ លានដុល្លារ។
របាយការណ៍បញ្ជាក់ថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៤.០២% ប្រភេទអង្ករសគ្រាប់វែង ១៣.៧១% អង្ករចំហុយ ២% អង្ករសរីរាង្គចំនួន ១.៣២% អង្ករបាក់គ្រប់ប្រភេទ ១៨.៥៦% និងអង្ករផ្សេងៗចំនួន ០.៣៩%៕