ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ី ផ្តល់ជំនួយមនុស្សធម៌ សរុបជាទឹកប្រាក់ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់កម្ពុជា ព្រមទាំងបង្ហាញពីការប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។
ក្រសួងការបរទេសបានបញ្ជាក់ថា ការចូលរួមចំណែកក្នុងកាលៈទេសៈនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសាមគ្គីភាព និងក្តីមេត្តា ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋស៊ែប៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋស៊ែប៊ី ចំពោះប្រជាជនកម្ពុជា។ ការផ្ដល់ជំនួយនេះ ក៏គូសបញ្ជាក់បន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលបានផ្សារភ្ជាប់ប្រទេសទាំងពីរអស់រយៈពេលជិតប្រាំពីរទសវត្សរ៍មកហើយ។
រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងស្និទ្ធស្នាល ជាមួយសាធារណរដ្ឋស៊ែប៊ី និងបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគី ស៊ែប៊ី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យដើម្បីជាប្រយោជន៍រួម និងវិបុលភាព របស់ប្រជាជនទាំងពីរ។ នេះបើតាមសេចក្ដីប្រកាស៕