អាម៉េរិក៖ លោកស្រីខាមេឡា ហារីស អតីតគូប្រជែងនយោបាយរបស់លោកត្រាំមកពីបក្សប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃ០៤ធ្នូបានថ្កោលទោសលោកត្រាំតាមប្រព័ន្ធ X ដោយចោទប្រកាន់លោកត្រាំថាបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងជាការសម្រេចចិត្តដ៏ល្ងង់ខ្លៅរបសរដ្ឋាភិបាលលោកត្រាំក្នុងការបើកការវាយប្រហារប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ កាលពីពាក់កណ្ដាលយប់មិញនេះ។ លោកស្រីបានគូសបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាទង្វើបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ និងមិនផ្ដល់ផលប្រយោជន៍អ្វីដល់សហរដ្ឋអាម៉េរិកឡើយ។លោកស្រីបន្ថែមថា ការវាយប្រហារនេះ នឹងមិនបានជួយឱ្យអាម៉េរិកមានសុវត្ថិភាព និងចំណេញដល់ជីវភាពរស់នៅរបស់ពលរដ្ឋអាម៉េរិកទេ តែវាថែមទាំងនាំមកនូវភាពចលាចល វឹកវរ និង ធ្វើឱ្យវិស័យយោធាអាម៉េរិកស្ថិតក្នុងសភាពគ្រោះថ្នាក់ទៅវិញ ដែលវាផ្ទុយពីការលើកឡើងរបស់លោកត្រាំក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ឬដោះស្រាយបញ្ហាប្រជាធិបតេយ្យពិតប្រាកដ។
យោងតាមការបង្ហោះលើប្រព័ន្ធX លោកស្រីបន្ថែមថា លោកត្រាំប្រើប្រាស់ល្បិចកល់នេះដើម្បីគ្រប់គ្រងធនធានប្រេង និងបង្ហាញពីអំណាចផ្ទាល់ខ្លួនរបស់លោកតែប៉ុណ្ណោះ។
លោកស្រីចាត់ទុកការចំណាយថវិកាដ៏ច្រើនគំហុក ដល់ទៅរាប់ពាន់លានដូល្លារ ក្នុងសង្រ្គាមនេះ គឺជាការសម្រេចចិត្តដ៏ល្ងង់ខ្លៅ និងដើរផ្ទុយពីតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋអាម៉េរិកដែលចង់បាន រួមមាន ការកាត់បន្ថយថ្លៃចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋ ការពង្រឹងនីតិរដ្ឋ ការកសាងទំនាក់ទំនងល្អជាមួយប្រទេសជាសម្ព័ន្ធមិត្ត និងការតម្កល់ផលប្រយោជន៍ពលរដ្ឋអាមេរិកជាអាទិភាពជាដើម។