681 ezgif.com resize
Swift cc time

«អ្នកចង់បានទឹកដីខ្មែរនិងក្រុមប្រឆាំងជ្រុលនិយមខ្មែរមួយក្តាប់តូច»កំពុងប្រើវិធីគ្រប់យ៉ាងដើម្បីបំបាក់កម្លាំងសាមគ្គីខ្មែរ តែមិនជោគជ័យ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា 

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៤ មករានេះ បានរម្លឹកឱ្យប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសឱ្យបន្តសាមគ្គីភាពគ្នាឱ្យកាន់តែរឹងមាំ និងថា អ្នកដែលចង់បានទឹកដីកម្ពុជា បាននិងកំពុងប្រើវិធីគ្រប់បែបយ៉ាង ដើម្បីបំបែកបំបាក់កម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់កម្ពុជា ក្នុងនោះក៏មានក្រុមប្រឆាំងជ្រុលនិយមខ្មែរមួយក្តាប់តូចផងដែរ។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា "អ្នកដែលចង់បានទឹកដីយើងបាននិងកំពុងប្រើវិធីគ្រប់បែបយ៉ាងដើម្បីបំបែកបំបាក់កម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់យើងពីព្រោះពួកគេយល់ឃើញថា ទាល់តែពួកគេបំបែកកម្លាំងដ៏រឹងមាំនេះបានទើបគេងាយស្រួលក្នុងការសម្រេចមហិច្ឆតាបំពាន ទន្ទ្រានទឹកដីយើង។ ស្របពេលជាមួយគ្នានោះ ក៏មានក្រុមប្រឆាំងជ្រុលនិយមខ្មែរមួយក្តាប់តូចដែលរស់នៅក្រៅប្រទេសក៏បានធ្វើខ្លួនជាអ្នកបម្រើយ៉ាងសកម្មឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ប្រទេសដែលកំពុងបំពាន និង ទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា"។

បើតាមអ្នកនាំពាក្យរូបនេះ ថា ជាភ័ព្វសំណាង ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន ចេះបែងចែកអាក្រក់ និងល្អ សនិងខ្មៅ ហើយបានផាត់ចេញភ្លាមដោយស្វ័យប្រវត្តិនូវសង្គ្រាមចិត្តសាស្ត្រដ៏អាក្រក់នេះមិនឱ្យចូលមកបំពុលសតិអារម្មណ៍របស់ខ្លួនបានឡើយ។លោកថែមទាំងបានរម្លឹកដល់ពលរដ្ឋខ្មែរថា កម្លាំងសាមគ្គីឯកភាពជាតិ ដើម្បីការពារប្រយោជន៍ជាតិ គឺជាកត្តាចម្បងជាងគេបង្អស់ដែលកម្ពុជា ត្រូវប្រើនៅក្នុងដំណាក់កាលនេះ និង ផ្តល់ទំនុកចិត្តទាំងស្រុងទៅលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំយើងដែលមានជំហរយ៉ាងប្តូរផ្តាច់ និងច្បាស់លាស់បំផុតក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីឱ្យបានតាមផ្លូវការទូតនិងច្បាប់អន្តរជាតិ។នេះជាក្តីសង្ឃឹម និងជាផ្លូវដ៏ត្រឹមត្រូវដែលយើងត្រូវរួមគ្នាឆ្ពោះទៅរកដំណោះស្រាយដ៏ត្រឹមត្រូវនិងយុត្តិធម៌បំផុតសម្រាប់ជាតិយើង៕

Khcct banner

អត្ថបទទាក់ទង