ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៤ មករា នេះ បានប្រកាសប្រើប្រាស់«នយោបាយការទូត»បែបទន់ភ្លន់ តែម៉ឺងម៉ាត់នេះត្រូវបានប្រើប្រាស់យ៉ាងសកម្ម ដើម្បីធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និង កាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
បើតាមលោក ប៉ែន បូណា សង្កត់ធ្ងន់ថា ជំហរការទូតច្បាស់លាស់ និង ចាស់ទុំរបស់កម្ពុជា គឺមិនដែលប្រែប្រួលនោះគឺ ការដោះស្រាយបញ្ហាដោយប្រើប្រាស់យន្តការការទូតដោយផ្អែកលើច្បាប់អន្តរជាតិ ហើយជម្រើសនយោបាយការទូតបែបទន់ភ្លន់តែម៉ឺងម៉ាត់នេះត្រូវបានប្រើប្រាស់យ៉ាងសកម្ម ស្របទាំងស្រុងជាមួយជំហររបស់សហគមន៍អន្តរជាតិ។
លោក ប៉ែន បូណា បានថ្លែងថា " តាមរយៈប្រតិកម្មរបស់បណ្តាប្រទេសនានាទាំងឡាយ រាប់ទាំងបណ្តាប្រទេសមហាអំណាច និង អង្គការសហប្រជាជាតិផង សុទ្ធតែបានសម្តែងការគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ដើម្បីកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) ក៏ដូចជា ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល។ អាចនិយាយបានថា សហគមន៍អន្តរជាតិឈរនៅជាមួយជំហររបស់កម្ពុជា។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ជំហរនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំយើងពិតជាត្រឹមត្រូវនិងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិទាំងស្រុង"។
ក្រៅពីនេះ លោកថា កម្លាំងជំរុញដ៏រឹងមាំ និងខ្លាំងក្លាបំផុត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែលបាននិងកំពុងផុសត្រដែតឡើងដូចទឹកបាក់ទំនប់នាពេលនេះគឺ មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស គឺជាកម្លាំងចលករសំខាន់ និង ធំធេងណាស់សម្រាប់ការពារទឹកដីកម្ពុជា។
គួរបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣ មករានេះ បានចេញសេចក្តីថ្លែងការណ៍តវ៉ា ចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ក្រោយបទឈប់បាញ់នៅតាមតំបន់មួយចំនួនក្នុង ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និង ខេត្តពោធិ៍សាត់។កម្ពុជា បានទាមទារឱ្យថៃត្រូវតែដកចេញជាបន្ទាន់នូវ «បុគ្គលិក និង សម្ភារៈយោធា» ចេញពីដែនអធិបតេយ្យកម្ពុជា ហើយត្រូវមកគោរបបទឈប់បាញ់ដែលបានឯកភាពគ្នា។
ក្នុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំរយៈពេល២១ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និង ឈរជើង គ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួន៤ មានជាទិ៍ ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន។ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ) ។ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ និង ខេត្តឧត្តរមានជ័យ៖ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និង តំបន់ចូកគ្រួស។នេះបើយោងតាមក្រសួងការបរទេសកម្ពុជា៕