ភ្នំពេញ៖ រយៈពេល១២ខែ ឆ្នាំ២០២៥នេះ ពោលគិតចាប់ពីខែមករា ដល់ខែធ្នូ កម្ពុជាទទួលបានចំណូលសរុបប្រមាណជាង ៤៤ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរសរុបជាង ៩៥ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
បើតាមរបាយការណ៍ ចំណូលដែលទទួលបានរយៈពេល១២ខែ ឆ្នាំ២០២៥ មានការធ្លាក់ចុះ ៦.៥១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈចំនួនភ្ញៀវទេសចរដែលបានទិញសំបុត្រក្នុងឆ្នាំ២០២៥ ក៏មានការធ្លាក់ចុះ ៦.៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងនោះ រយៈពេល១២ខែ ឆ្នាំ២០២៥កន្លងទៅនេះ ការលក់បណ្ណនៅប្រាសាទកោះកែរ ទទួលបានចំណូលជាង ៣០ម៉ឺនដុល្លារ ឱ្យភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់ ខណៈការលក់សំបុត្រនៅប្រាសាទបេងមាលាទទួលបានចំណូលប្រមាណជាង ១៦ម៉ឺនដុល្លារ ឱ្យភ្ញៀវទេសចរប្រមាណ ១,៦ ម៉ឺននាក់។ ចំពោះការលក់សំបុត្រនៅភ្នំក្បាលស្ពានរយៈពេល១២ខែនេះ មានចំនួនជិត៨ពាន់ដុល្លារ ឱ្យភ្ញៀវទេសចរជាង ១,៥ ពាន់នាក់ ខណៈចំណូលពីការលក់សំបុត្រទូកមានចំនួនជាង ១,២ លានដុល្លារ។
ដោយឡែក ក្នុងខែធ្នូ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូឡប្រមាណ ៤,២ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដល់ភ្ញៀវទេសចរប្រមាណជាង ៨ម៉ឺននាក់។ ចំណូលដែលទទួលបានក្នុងខែធ្នូ ឆ្នាំ២០២៥ មានការធ្លាក់ចុះចំនួន ២៨.៥១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈចំនួនភ្ញៀវទេសចរដែលបានទិញសំបុត្រក្នុងឆ្នាំ២០២៥ ក៏មានការធ្លាក់ចុះ ២៩.៨៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕