ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ នាថ្ងៃទី២ មករា បានជំរាបប្រាប់ទូតឥណ្ឌា ពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ដើម្បីទទួលកំណើនភ្ញៀវទេសចរឥណ្ឌាដែលជាបងប្អូនរួមវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តពាន់ឆ្នាំមកទស្សនា នាឆ្នាំថ្មី ឆ្នាំសកល ២០២៦នេះ។
នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបជាមួយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា និងសហការី ចូលជួបសម្តែងការគួរសមសម្រាប់ឆ្នាំថ្មី និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត សម្រាប់ឆ្នាំថ្មី២០២៦។
ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនាឆ្នាំថ្មីនេះ នូវគម្រោងជំនួយទាំង៣ ក្រោមក្របខ័ណ្ឌ Quick Impact Project (QIP) លើការអភិវឌ្ឍដល់សហគមន៍អេកូទេសចរណ៍ដែលបានគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាកន្លងមក។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវព្រឹត្តិការណ៍ "ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា" កន្លងមក និងកំណើនភ្ញៀវទេសចរឥណ្ឌាដ៏ច្រើនមកទស្សនាកម្ពុជានាប៉ុន្នានខែចុងឆ្នាំ២០២៥។
លោក ហួត ហាក់ ក៏បានបញ្ជាក់ជូនលោកឯកអគ្គរដ្ឋទូតពីការត្រៀមលក្ខណៈជាស្រេចរបស់វិស័យឯកជនកម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌាដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ តាមរយៈការហោះហើរត្រង់រវាងរដ្ឋធានី New Delhi និងរាជធានីភ្នំពេញដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងរវាងទីក្រុង Kolkata និងខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines ព្រមទាំងកត្តាសុខសុវត្តិភាព ការអភិវឌ្ឍន័គ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ៕