សៀមរាប៖ កសិករ ១៥០០គ្រួសារ ពីសហគមន៍កសិកម្មទំនើបចំនួន៩ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និងសៀមរាប នាថ្ងៃទី៣០ ធ្នូ បានចុះហត្ថលេខាទទួលបានកម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារនិងជំនួយឥតសំណងជិត១លានដុល្លារ ដើម្បីបង្កើនផ្នែកកសិកម្ម។
ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងក្រសួងកសិកម្ម និងសហគមន៍កសិកម្មទំនើបចំនួន៩ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។
គួរបញ្ជាក់ថា សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ (ខេត្តកំពង់ធំ) និងសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះ (ខេត្តបន្ទាយមានជ័យ)៕