681 ezgif.com resize
Swift cc time

ហ្វីលីពីនដំឡើងពន្ធនាំចូលអង្ករ ២០% ដើម្បីជំរុញផលិតផលក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានសម្រេចដំឡើងពន្ធនាំចូលអង្ករដល់ ២០% ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ តទៅដើម្បីការពារកសិករ និងគ្រប់គ្រងការធ្លាក់ចុះនៃតម្លៃប្រាក់ប៉េសូ និងជំរុញផលិតផលអង្ករក្នុងស្រុក។ ការសម្រេចរបស់ហ្វីលីពីនដំឡើងពន្ធអង្ករចន្លោះ ១៥-២០% នេះធ្វើឡើងដើម្បីទប់ស្កាត់ការនាំចូលអង្ករពីប្រទេសជិតខាង។ យោងតាមការិយាល័យកិច្ចការពាណិជ្ជកម្មនៅទីក្រុងម៉ានីលបានរាយការណ៍ថា ក្រសួងកសិកម្មហ្វីលីពីន (DA) បានប្រកាសអត្រាពន្ធថ្មីរួមជាមួយផែនការដើម្បីអនុញ្ញាតឱ្យនាំចូលអង្ករម្តងទៀតនៅឆ្នាំ ២០២៦ ជាមួយនឹងការបន្ថែមពន្ធចន្លោះ ១៥-២០% បន្ទាប់ពីការសម្រេចចិត្តពីមុនរបស់រដ្ឋាភិបាលក្នុងការបញ្ឈប់ការនាំចូលអង្ករធម្មតា និងអង្ករកិនល្អជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនលោក Francisco Tiu Laurel Jr

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនលោក Francisco Tiu Laurel Jr. បានចាត់ទុកការដំឡើងពន្ធឆ្លុះបញ្ចាំងពីកត្តាសំខាន់ៗជាច្រើន រួមទាំងការធ្លាក់ចុះនៃតម្លៃប្រាក់ប៉េសូថ្មីៗនេះ និងលទ្ធភាពដែលតម្លៃអង្ករសកលអាចកើនឡើងនៅពេលដែលហ្វីលីពីននាំចេញអង្កររបស់ខ្លួនលក់ក្នុងទីផ្សារឡើងវិញ។លោកជំរុញឱ្យអ្នកនាំចូលក្នុងស្រុក ពិចារណាលើការនាំចេញក្រៅពីប្រទេសវៀតណាម ដោយលើកឡើងពីអ្នកផ្គត់ផ្គង់ជំនួសដូចជា កម្ពុជា មីយ៉ាន់ម៉ា និងប្រទេសដទៃទៀត។ លោកបាននិយាយថា អង្ករនាំចូលទាំងអស់ត្រូវតែមកដល់នៅពាក់កណ្តាលខែកុម្ភៈ ដើម្បីរក្សាតម្លៃស្រូវនៅក្នុងតំបន់ផលិតឱ្យស្ថិតក្នុងកម្រិតសមស្របនៅពេលចាប់ផ្តើមនៃការប្រមូលផលរដូវប្រាំង និងដើម្បីការពារប្រាក់ចំណូលរបស់កសិករ។

គួរកត់សម្គាល់ថាអង្ករគឺជាដំណាំសេដ្ឋកិច្ចសំខាន់មួយនៅក្នុងប្រទេសហ្វីលីពីន ជាអាហារចម្បងជាមូលដ្ឋាន ដែលមានប្រហែល ២០% នៃតម្លៃសរុបនៃផលិតផលកសិកម្មរបស់ខ្លួន ទោះបីជាប្រទេសហ្វីលីពីនអាចដាំដុះអង្ករសម្រាប់ការប្រើប្រាស់ក្នុងស្រុក ការផលិតនៅតែមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ។ រដ្ឋាភិបាលជាបន្តបន្ទាប់បានខិតខំប្រឹងប្រែងដើម្បីជំរុញការផលិតសម្រាប់សន្តិសុខស្បៀងអាហារ ប៉ុន្តែគោលដៅមិនទាន់សម្រេចបាននៅឡើយទេ។

រដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់ប្រធានាធិបតី Ferdinand Marcos Jr. ក៏បានកំណត់គោលដៅក្នុងការបំពេញតម្រូវការអង្កររបស់ប្រទេសខ្លួនឱ្យបាន ១០០% ផងដែរ ទោះបីជាការសម្រេចបាននូវគោលដៅនោះត្រូវបានចាត់ទុកថាជាការលំបាកដោយសារតែការរឹតបន្តឹងច្រើន រួមទាំងតំបន់ទំនាបនិងភាគច្រើនសម្បូរទៅប្រជុំកោះដែលគ្របដណ្ដប់ដោយដីភ្នំ គ្រោះមហន្តរាយធម្មជាតិញឹកញាប់ដោយសារតែទីតាំងរបស់ប្រទេសហ្វីលីពិននៅលើខ្សែក្រវាត់ភ្លើង និងការប្រឈមនឹងព្យុះទីហ្វុង និងបញ្ហាប្រឈមយូរអង្វែងដូចជាទិន្នផលទាប ថ្លៃដើមផលិតកម្មខ្ពស់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍មានកម្រិត កសិករវ័យចំណាស់ និងកង្វះខាតកម្លាំងពលកម្ម ការប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជន៕

Khcct banner

អត្ថបទទាក់ទង