681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីសុខាភិបាល៖ គ្រូពេទ្យ និងអ្នកជំនាញសុខាភិបាលទាំងអស់ កំពុងឈរប្រកៀកស្មា ដើម្បីជួយសង្គ្រោះសុខភាពវីរកងទ័ព

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ រដ្ឋមន្ត្រីសុខាភិបាលបញ្ជាក់ថា គ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកជំនាញសុខាភិបាលទាំងអស់កំពុងឈរប្រកៀកស្មា ដើម្បីជួយសង្គ្រោះសុខភាពវីរកងទ័ព។ ការប្តេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យ ឆ្លុះបញ្ចាំងពីកម្លាំងរឹងមាំ និងឯកភាពរបស់ប្រទេសជាតិក្នុងគ្រាលំបាក។ រដ្ឋមន្រ្តីក្រសួងសុខាភោបាល វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ តំណាងឱ្យក្រុមគ្រូពេទ្យទូទាំងប្រទេស ដែលចូលរួមយ៉ាងសស្រាក់សស្រាំដើម្បីបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋ និងវីរកងទ័ព វីរនគរបាល។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងឱកាសចុះសួរសុខទុក្ខវីរកងទ័ព វីរនគរបាល ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ១៦មករា និងមណ្ឌលសុខភាព គូលែន ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសចុះសួរសុខទុក្ខវីរកងទ័ព វីរនគរបាល ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ តំណាងឱ្យក្រុមគ្រូពេទ្យទូទាំងប្រទេស ដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងនាមជាកងទ័ពអាវស ដោយស្មារតីទទួលខុសត្រូវ មនសិកាខ្ពស់ រួបរួម សាមគ្គី សហការគ្នា ក្នុងការផ្តល់ការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋ និងវីរកងទ័ព វីរនគរបាល។

នាថ្ងៃដដែលនោះ រដ្ឋមន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ព វីរនគរបាល ដែលកំពុងទទួលបានការថែទាំ ព្យាបាលក្នុងមណ្ឌលសុខភាព គូលែន ដែលនឹងប្រែក្លាយទៅជាមន្ទីរពេទ្យបង្អែកកម្រិត១ នាពេលអនាគតដ៏ខ្លីខាងមុខ។ នាឱកាសនោះ លោកសាស្រ្តាចារ្យ បានបង្ហាញលើកសរសើរពីការខិតខំរបស់បុគ្គលិកសុខាភិបាលទាំងអស់ និងលើកទឹកចិត្ត «គ្រូពេទ្យជាបេះដូងប្រជាជន និងជាក្តីសង្ឃឹមនៃការសង្គ្រោះ ថែទាំព្យាបាល»។

លោកសាស្រ្តាចារ្យបានបន្ថែមថា ថ្នាក់ដឹកនាំនិងបុគ្គលិកសុខាភិបាលទាំងអស់ នឹងខិតខំបន្តថែមទៀត ក្នុងការបម្រើផ្តល់ជូនសេវាសុខភាពដល់ប្រជាពលរដ្ឋ វីរយុទ្ធជន កងទ័ព នគរបាល ដោយឈរលើសមត្ថភាព បទពិសោធន៏ ជំនាញ ស្មារតីព្យាយាម ក្រមសីលធម៌ និងគុណធម៌ សំដៅគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព៕


Khcct banner

អត្ថបទទាក់ទង