យូណាន៖ ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) បានប្តេជ្ញាចូលរួមគាំទ្រ និងត្រួតពិនិត្យការអនុវត្តឈប់បាញ់នៃកម្ពុជា និង ថៃ ហើយបានទន្ទឹងរង់ចាំដោយជឿជាក់ថា ទំនាក់ទំនងកម្ពុជា-ថៃ នឹងវិលមករកផ្លូវត្រូវវិញនៅដើមដំបូង។ការអះអាងយ៉ាងដូច្នេះ ធ្វើឡើងកិច្ចប្រជុំប្រជុំត្រីភាគីនៃប្រមុខការទូត កម្ពុជា ថៃ និងមានចិនជាម្ចាស់ផ្ទៃ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន CCTV បានរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំដោយបានបង្ហាញពីការឯកភាពគ្នាថា កម្ពុជា និងថៃ គួរតែសម្លឹងឆ្ពោះទៅមុខ និង ឆ្ពោះទៅមុខជាមួយគ្នា និង បញ្ចៀសការប្រយុទ្ធគ្នាឡើងវិញ។លោក វ៉ាង យី បានគូសបញ្ជាក់ប្រាប់ ប្រមុខការទូត ថៃ និង កម្ពុជា ថាសមភាគីទាំងពីរ គួរតែរក្សាការប្រាស្រ័យទាក់ទងគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ហើយរក្សាភាពជឿជាក់ និង ចូលរួមក្នុងការសន្ទនាស្មើភាពគ្នា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីជាបណ្តើរៗ និង កសាងទំនុកចិត្តទៅវិញទៅមកឡើងវិញ។
បើតាមលោក វ៉ាង យី កម្ពុជា និងថៃ គឺជាអ្នកជិតខាងដែលមានប្រវត្តិផ្លាស់ប្តូរមិត្តភាពដ៏យូរលង់មកហើយ ហើយតាមរយៈកិច្ចប្រជុំនេះអាចព្យាបាលរបួសដែលបណ្តាលមកពីជម្លោះ បំបាត់ភាពមិនច្បាស់លាស់រវាងប្រទេសទាំងពីរ និង ពិតជាសម្រេចបាននូវការផ្សះផ្សាដែលឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងថៃ ក៏ដូចជាបំណងប្រាថ្នារួមរបស់គ្រប់ភាគី។
ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ និងជាប្រមុខការទូតចិន លោក វ៉ាង យី បានបង្ហាញពីជំហររបស់ចិន នឹងតែងតែជាអ្នកជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងកម្ពុជា-ថៃ ដោយសន្យាផ្តល់ជំនួយ និង ការគាំទ្រចាំបាច់ទាំងអស់ក្នុងការត្រួតពិនិត្យបទឈប់បាញ់ ជំនួយមនុស្សធម៌ និង កិច្ចសហប្រតិបត្តិការដោះមីន។សម្រាប់លោក វ៉ាង យី ចិនទន្ទឹងរង់ចាំ និង ជឿជាក់ថាទំនាក់ទំនងកម្ពុជា-ថៃនឹងវិលមករកផ្លូវត្រូវវិញនៅដើមដំបូង។
គួរបញ្ជាក់ថា ប្រទេសមហាយក្សចិន នៅថ្ងៃទី២៨-២៩ខែធ្នូ ឆ្នាំ ២០២៥ នៅខេត្តយូណាន បានរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចសន្ទនា ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ គោលបំណងផ្លាស់ប្តូរយោបល់សម្របសម្រួលដោយស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពរវាងកម្ពុជា-ថៃ។តែយ៉ាងណា ក្រោយកិច្ចប្រជុំក្នុងអត្ថន័យហាក់មើលទៅល្អ និងពោរពេញដោយក្តីសង្ឃឹម តែលទ្ធផលអនុវត្តហាក់មិនទាន់ចេញឱ្យមហាជនមានទំនុកចិត្តនៅឡើយទេ ជាពិសេសពីភាគីថៃ៕