681 ezgif.com resize
Swift cc time

ចិន កម្ពុជា និងថៃ ប្តេជ្ញាអនុវត្តបទឈប់បាញ់ឱ្យបានយូរអង្វែង និងការស្តារទំនាក់ទំនងការទូតឡើងវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ភាគីចិន កម្ពុជា និងថៃ ប្តេជ្ញាអនុវត្តបទឈប់បាញ់ឱ្យបានយូរអង្វែង និងធ្វើការជាជំហានៗតាមរយៈកិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក ដើម្បីបន្តការផ្លាស់ប្ដូរយោបល់គ្នា កសាងទំនុកចិត្តនយោបាយទៅវិញទៅមក កែលម្អទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ និងការពារស្ថិរភាពក្នុងតំបន់។ ការប្តេជ្ញានេះធ្វើឡើង ក្នុងកិច្ចប្រជុំត្រីភាគី ចិន កម្ពុជា ថៃ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំត្រីភាគី ចិនបានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេសលើកទី ៣ (GBC) ដែលបាន ចុះហត្ថលេខារវាងកម្ពុជា និងថៃ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។

ក្នុងកិច្ចប្រជុំត្រីភាគី ចិន កម្ពុជា និងថៃ បានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងបទឈប់បាញ់ និងធ្វើការជាជំហានៗតាមរយៈកិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក ដែលមានលទ្ធផលសំខាន់ៗដូចជា៖ ចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រចាំបាច់ទាំងអស់ដល់កម្ពុជា និងថៃ ក្នុងការជំរុញការដោះមីនមនុស្សធម៌ តាមរយៈក្រុមការងារ សម្របសម្រួលរួម និងការរៀបចំទ្វេភាគី ព្រមទាំងផ្តល់ជំនួយជាសារវន្តសម្រាប់ក្រុម អ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាបាននូវដំណើរការប្រកបដោយ ប្រសិទ្ធភាពរបស់ខ្លួន។ កងទ័ពចិននឹងរក្សាទំនាក់ទំនងជាមួយកងទ័ពកម្ពុជា និងថៃ ដើម្បីផ្តល់ការគាំទ្រសម្រាប់ការបង្រួបបង្រួមបទឈប់បាញ់ នៅពេលចាំបាច់ និងតាមការស្នើសុំពីទាំងកម្ពុជា និងថៃ។

ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់តម្រូវការជីវភាពរស់នៅ របស់ប្រជាជនដែលផ្លាស់ទីលំនៅនៅតំបន់ព្រំដែនដែលរងផលប៉ះពាល់។ ចិនលើកទឹកចិត្តកម្ពុជា និងថៃ ឱ្យបង្កើតលក្ខខណ្ឌសម្រាប់ការបន្តទំនាក់ទំនងការទូតឡើងវិញមួយជំហានម្តងៗ។ ចិនមានឆន្ទៈក្នុងការផ្តល់វេទិកា នៅពេលចាំបាច់ សម្រាប់ភាគីទាំងពីរ ធ្វើការទំនាក់ទំនងកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

កម្ពុជា និងថៃ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយហានិភ័យ និងបញ្ហាប្រឈមរួម ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ ភាគីកម្ពុជា និងថៃ បានកោតសរសើរចំពោះការគាំទ្រយ៉ាងមុតមាំរបស់ចិន ក្នុងការជំរុញកិច្ចចរចារវាងប្រទេសទាំងពីរ ដោយគិតគូរពីកម្រិតនៃការសម្របសម្រួលរបស់ ភាគីទាំងពីរ។ ក្នុងស្មារតីនេះ ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការកសាងឡើងវិញនូវទំនុកចិត្ត និងសម្រេចបាននូវ សន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃតាមរបៀបអាស៊ី ដោយមានគោលបំណងកសាង សហគមន៍មួយដែលមានអនាគតរួមគ្នាជាមួយប្រទេសជិតខាង៕

Khcct banner

អត្ថបទទាក់ទង