ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសចិន នៅថ្ងៃទី ២៨ ធ្នូនេះ បានប្រកាសផ្តល់ជំនួយបន្ទាន់មួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងទឹកប្រាក់ប្រហែលជា ២០លានយ័ន ស្នើនឹង២.៨លានដុល្លារ ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ។នេះបើយោងតាមស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា។
យោងតាមឯកអគ្គរដ្ឋទូតចិនលោក Wang Wenbin បានគូសបញ្ជាក់ថា ចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ២០លានយន់ ដល់រដ្ឋាភិបាលកម្ពុជា ដែលជំនួយចិនដំបូងមកដល់កម្ពុជានេះរួមមាន តង់ ភួយ និង អាហារ។លោក សង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះនឹងក្លាយជាជំនួយទាន់ពេលវេលា សម្រាប់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និង ជំនះការលំបាកនាពេលបច្ចុប្បន្ន។
បើតាមលោក Wang Wenbin ចិនស្វាគមន៍ ចំពោះសេចក្តីប្រកាសបទឈប់បាញ់របស់កម្ពុជា និង ថៃ ហើយនឹងបន្តដើរតួនាទីវិជ្ជមាន និង ស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងការបង្កើតសន្តិភាពយូរអង្វែង។លោកថា បច្ចុប្បន្ននេះលោក Wang Yi កំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ នៅក្នុងខេត្តយូណាន ដោយមានការចូលរួមពីតំណាងយោធាមកពីប្រទេសទាំងបី។
គួរបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនកម្ពុជា-ថៃមក ប្រទេសចិន គឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជា ហើយក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនបំផុត ដែលជាសក្ខីភាពនៃមិត្តភាពដ៏ជ្រាលជ្រៅរវាងចិន និងកម្ពុជា។