ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម នៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ បានបង្ហាញការស្វាគមន៍ដល់បទឈប់បាញ់ដែលត្រូវបានឯកភាពដោយកម្ពុជា និងថៃ ហើយដែលបានចូលជាធរមានកាលពីម៉ោង១២ថ្ងៃត្រង់។លោកសង្ឃឹមថា ភាគីទាំង២ កម្ពុជា និងថៃនឹងអនុវត្តតាមដោយភាពស្មោះត្រង់។
យោងតាមទំព័រហ្វេសប៊ុក លោក អាន់វ៉ា បានចាត់ទុកបទឈប់បាញ់នេះ គឺជាវិធានការជាក់ស្ដែង និង ប្រកបដោយភាពវិជ្ជមាន ក្នុងនោះរួមមានទាំងការផ្ទៀងផ្ទាត់ដោយ ក្រុមអ្នកសង្កេតការណ៍អាស៊ាន និង ការទំនាក់ទំនងគ្នាដោយផ្ទាល់ រវាងក្រុមមន្ត្រីអាជ្ញាធរការពារជាតិ។
បើតាមលោកអាន់វ៉ា តាមរយៈបទឈប់បាញ់នេះ បានផ្តល់ជាមូលដ្ឋានមួយសម្រាប់ស្ថិរភាព ហើយលោកផ្ទាល់សង្ឃឹមថា ភាគីទាំង២ កម្ពុជា និងថៃនឹងអនុវត្តតាមដោយភាពស្មោះត្រង់។
គួរបញ្ជាក់ថា កម្ពុជា-ថៃ ឯកភាពគ្នាអនុវត្តបទឈប់បាញ់ ជាមួយលក្ខខណ្ឌ និងវិធានការ ចំនួន ១៦ចំណុច ក្រោមកិច្ចសង្កេតការណ៍អាស៊ាន AOT។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៧ ធ្នូ ២០២៥នេះ។
ក្នុងកិច្ចប្រជុំ GBC នាព្រឹកនេះ ភាគីទាំងពីរបញ្ជាក់ឡើងវិញនូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈ និងផ្អែកលើ មូលដ្ឋាននៃកិច្ចព្រមព្រៀងដែលធ្វើឡើងកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅ បញ្ឈប់អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត និងការស្តារប្រក្រតីភាពឡើងវិញ និង សន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕