ព្យុងយ៉ាង៖ ប្រមុខមេដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងចាត់ទុកសម្ព័ន្ធភាពរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូកំពុងតែឈានដល់ដំណាក់កាលកម្រិតកំពូលមិនធ្លាប់មានលោកថាពេលនេះរុស្ស៊ី និងកូរ៉េខាងជើងប្តូរផ្តាច់ជីវិត ឈាម និងការស្លាប់នៅក្នុងលេណដ្ឋានតែមួយជាមួយគ្នា។ ការប្រកាសរបស់លោកគីមជុងអ៊ុននេះធ្វើឡើងនៅក្នុងសារជូនពរឆ្នាំថ្មីទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។
នៅក្នុងសាររបស់លោក គីម ជុងអ៊ុន ដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA លោកគីម បានចាត់ទុកឆ្នាំ ២០២៥ គឺជា "ឆ្នាំដ៏មានអត្ថន័យពិតប្រាកដ" សម្រាប់សម្ព័ន្ធភាពទ្វេភាគី ដែលត្រូវបានពង្រឹងដោយ "ការចែករំលែកឈាម ជីវិត និងសេចក្តីស្លាប់នៅក្នុងលេណដ្ឋានតែមួយ"។ លោកបញ្ជាក់ទៀតថាទំនាក់ទំនងរវាងកូរ៉េខាងជើង និងប្រទេសរុស្ស៊ីស្ថិតក្នុងដំណាក់កាលដ៏ល្អជាមួយគ្នាមិនធ្លាប់មានកន្លងមក។
ជាមួយគ្នានេះដែលទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងទើបតែបានបញ្ជាក់នៅក្នុងខែមេសាថា ខ្លួនបានដាក់ពង្រាយកងទ័ពដើម្បីគាំទ្រយុទ្ធនាការយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយទាហានរបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងសមរភូមិ។ កាលពីដើមខែនេះ ទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ថា ខ្លួនបានបញ្ជូនកងទ័ពទៅសម្អាតមីននៅក្នុងតំបន់ Kursk របស់រុស្ស៊ីក្នុងខែសីហា ឆ្នាំ២០២៥។
ក្រៅពីការបញ្ជូនកងទ័ពទៅប្រយុទ្ធជួយរុស្ស៊ីរុស្ស៊ី កូរ៉េខាងជើងបានបញ្ជូនគ្រាប់កាំភ្លើងធំ មីស៊ីល និងប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយទៅកាន់រុស្ស៊ី។ ជាថ្នូរនឹងការទទួលបានជំនួយពីកូរ៉េខាងជើង រុស្ស៊ីបានបញ្ជូនជំនួយហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា និងការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលដល់កូរ៉េខាងជើង វិញ៕