ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល បានលើកឡើងថា សុខភាពរបស់ប្រជាជន និងវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត នៅគ្រប់កាលៈទេសៈទាំងអស់។ លោករដ្ឋមន្ត្រីលើកឡើងដូច្នេះ ក្នុងពេលសួរសុខទុក្ខសហភាតរៈនៅតាមនាយកដ្ឋាននានា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសចុះសួរសុខទុក្ខសហភាតរៈនៅតាមនាយកដ្ឋាននានា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល បានអរគុណដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងក្រុមថែទាំសុខភាពទាំងអស់ ដែលកំពុងគាំទ្រការបន្តបម្រើសេវាសង្គ្រោះព្យាបាលប្រជាជន និងវីរកងទ័ព ជាមួយភាពក្លាហាន និងវិន័យខ្ពស់ក្នុងភារកិច្ចដោយឥតនឿយហត់។
ក្រសួងសុខាភិបាល នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងប្រឈមមុខនឹងសកម្មភាពឈ្លានពានពីកងទ័ពថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា ក្រសួងបានពង្រឹងប្រព័ន្ធសុខាភិបាលជាប់ជាប្រចាំ ជាពិសេសប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ មានសារៈសំខាន់ខ្លាំង និងជាអាទិភាពមួយក្នុងចំណោមវិស័យគន្លឹះទាំង៩ សម្រាប់ធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ៕