សេអ៊ូល៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានប្រកាសថាខ្លួនកំពុងតែស្វែងរកការកាត់ទោសឱ្យអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ុន ស៊ុកយ៉ុល ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំចំពោះបទល្មើសដែលទាក់ទងនឹងការប៉ុនប៉ងរបស់លោកក្នុងការដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកកាលដើមខែធ្នូពីឆ្នាំមុន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថារដ្ឋអាជ្ញានៃប្រទេសកូរ៉េខាងត្បូងកំពុងតែបន្តស្វែងរកការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំទៅលើលោក យ៉ុន ស៊ុកយ៉ុល ក្រោមបទចោទការប្រកាសច្បាប់អាជ្ញាសឹក ការដកសមាជិកគណៈរដ្ឋមន្ត្រីចេញពីកិច្ចប្រជុំច្បាប់អាជ្ញាសឹក ហើយកាលពីខែមករាបានរារាំងអ្នកស៊ើបអង្កេតពីការឃុំខ្លួនលោក។ តុលាការក្រុងសេអ៊ូលត្រូវបានគេរំពឹងថានឹងចេញសាលក្រមនៃការកាត់ទោសលោកយ៉ុន ស៊ុកយ៉ុលនៅខែក្រោយនេះ។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ធ្នូ ២០២៤ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង៕