ថៃ៖ មជ្ឈមណ្ឌលព័ត៌មាន ស្ដីពីគុណភាពខ្យល់ ក្រុងបាងកក បានរាយការណ៍នៅព្រឹកថ្ងៃ ២៦ធ្នូនេះ នូវកម្រិតខ្យល់ពុលកើនឡើងដល់កម្រិត PM២.៥ ក្នុងទីក្រុង ហើយតំបន់មួយចំនួន ត្រូវបានដាក់ជាតំបន់ពណ៌ទឹកក្រូច ជាតំបន់មានហានិភ័យខ្ពស់ ប៉ះពាល់សុខភាពពលរដ្ឋ។ តំបន់ដែលមានហានិភ័យខ្យល់ពុល PM២.៥ កម្រិតមធ្យមមាន៦តំបន់ ដូចជាទីក្រុងបាងកកភាគខាងជើង បាងកកភាគខាងកើត បាងកកភាគកណ្ដាល បាងកកភាគខាងត្បូង តំបន់ធុនបុរីខាងជើង និងខាងត្បូង។
តាមមជ្ឈមណ្ឌលព័ត៌មាន ស្ដីពីគុណភាពខ្យល់ក្រុងបាងកក ប្រាប់កាសែត The Nation កម្រិតខ្យល់ពុល PM២.៥ មានហានិភ័យខ្ពស់ គឺមាន១២តំបន់ ដូចជា តំបន់ឆាទូឆាក់ សេថុន បាងរ៉ាក់ ផាថុមវ៉ាន់ បាងខូឡែម បាងសឿ ផាស៊ីចារ៉ើន ណងខែម ប្រាខាណម រ៉ាឆាថេវី បាងខេន និងរ៉ាត់ប៊ូរ៉ាណា។កម្រិតខ្យល់ពុលនេះអាចថយចុះ ខណៈដែលគុណភាពខ្យល់សរុបរបស់ទីក្រុងបាងកកនៅតែមានលក្ខណៈមធ្យម ទោះបីជាការវាស់វែងនៅតំបន់ខ្លះអាចមានការប្រែប្រួលក៏ដោយ។
រដ្ឋាភិបាលក្រុងនេះ បានប្រាប់ដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលមានហានិភ័យពីខ្យល់ពុលឱ្យស្នាក់នៅក្នុងផ្ទះ តម្រូវឱ្យពាក់ម៉ាសការពារ PM២.៥ ជាប្រចាំរាល់ពេលធ្វើដំណើរទៅខាងក្រៅ និងកាត់បន្ថយសកម្មភាពក្រៅផ្ទះបើមិនចាំបាច់។