ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជា (អាកាសយានដ្ឋានអន្តរជាតិតេជោ - សៀមរាបអង្គរ - ព្រះសីហនុ) ទទួលបានជើងហោះហើរទ្វេទិសសរុបចំនួន ៥៨,៧៩២ ជើង កើនឡើង ១១% បើធៀបទៅនឹងរយៈពេល ១១ ខែដូចគ្នាក្នុងឆ្នាំ២០២៤។
យោងតាមរបាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រយៈពេល១១ខែ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ទទួលបានជើងហោះហើរសរុបជិត ៦ម៉ឺនជើង កើនឡើង ១១% និង ទទួលអ្នកដំណើរបានចំនួនជាង ៦ លាននាក់ (៦,៣៣៣,១៣៨ នាក់) មានការកើនឡើង ១៣% បើធៀបទៅនឹងរយៈពេល ១១ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
ចំពោះទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨ ម៉ឺនតោន (៨៤,៤៧៥ តោន) មានការកើនឡើង ១៩% បើធៀបទៅនឹងរយៈពេល ១១ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
ជាមួយគ្នានោះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ក្រុមហ៊ុន (ជាតិ ៤ និងអន្តរជាតិ ៣២) និង កំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ ប្រទេស និង ៤៦ ទីក្រុង។ ក្នុងចំណោម ១៧ ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ ប្រទេសក្នុងតំបន់អាស៊ាន ពោលគឺប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន៕