681 ezgif.com resize
Swift cc time

អាជ្ញាធរជាតិព្រះវិហារ ថ្កោលទោសយោធាថៃឈ្លានពាន ប៉ះពាល់រមណីយដ្ឋានប្រាសាទព្រះវិហារ និងអធិបតេយ្យភាពកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ នាថ្ងៃទី២៥ ធ្នូ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់រាជរដ្ឋាភិបាល និងយោធាថៃ ដែលបានឈ្លានពាន វាយប្រហារ មកលើបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ទាំងលើកទី១ និងលើកទី២ បង្កឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ នៅទីតាំងការដ្ឋានអភិរក្ស និងជួសជុលក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទនៅតាមគោបុរៈនីមួយៗនៃប្រាសាទព្រះវិហារ។

យោធាថៃបានបន្តពង្រីកសកម្មភាពឈ្លានពានលើបូរណភាពទឹកដី អធិបតេយ្យភាពរបស់កម្ពុជា ដោយបានធ្វើសកម្មភាពបាញ់ផ្លោង ទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ទាំងជើងគោក ជើងអាកាស និងជើងទឹក ជាពិសេសការទម្លាក់ គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងT-50TH នៅតាមតំបន់ជាច្រើនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កោះកុង និងសៀមរាប) និងចូលជ្រៅមកក្នុងប្រទេសកម្ពុជាជាង៩០គីឡីម៉ែត្រពីព្រំដែន បានបំផ្លាញលំនៅឋានប្រជាជន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រូបសំណាកសាសនា និងតំបន់បេតិកភណ្ឌ។

អាជ្ញាធរជាតិព្រះវិហារ ចាត់ទុកទង្វើនេះ ជាទង្វើដ៏ព្រៃផ្សៃ គ្មានសាសនា រំលោភបំពានដល់សិទ្ធិមនុស្ស ច្បាប់អន្តរជាតិ និងអនុសញ្ញានានាស្តីពីកិច្ចការពារបេតិកភណ្ឌ បណ្តាលឱ្យប្រជាជន ស៊ីវិលស្លូតត្រង់បាត់បង់ជីវិត៣០នាក់ និងរងរបួស៨៧នាក់ ហើយជនភៀសសឹកបានកើនឡើងរហូតជាង៦៣ម៉ឺននាក់ក្នុងនោះ មានស្ត្រីនិងកុមារជាង៥០%។

អាជ្ញាធរជាតិព្រះវិហារ អំពាវនាវដល់គ្រប់បណ្តាប្រទេសទាំងអស់ ដែលជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥៤ និង១៩៧២ និងបណ្តាសហគមន៍អន្តរជាតិ ចូលរួមថ្កោលទោសចំពោះសកម្មភាពឈ្លានពានដោយកំរោលរបស់យោធាថៃមកលើបូរណភាព ទឹកដីអធិបតេយ្យភាពកម្ពុជា និងជួយជ្រោមជ្រែងជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពឈ្លានពាន សកម្មភាពបំផ្លិចបំផ្លាញបេតិកភណ្ឌកម្ពុជា និងងាកមករកដំណោះស្រាយដោយសន្តិវិធីតាមរយៈការគោរពសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួ៕


Khcct banner

អត្ថបទទាក់ទង