ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី ២៥ ធ្នូ បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ក្នុងជំនួបនោះ សម្តេចបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក។
ក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត ជាមួយលោក Marco Rubio គឺមានគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។លោក Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា អាម៉េរិក ចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ និង ខិតខំជម្រុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។សម្រាប់សម្តេច កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងបទឈប់បាញ់ថ្ងៃ ២៨កក្កដា ២០២៥ និង សេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និង កសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។