ថៃ៖ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អនុទីន ឆាន់វីរៈគុល នៅរសៀលថ្ងៃ ២៥ ធ្នូនេះបានចេញមុខបដិសេធការរិះគន់របស់ឥណ្ឌាដែលចាត់ទុកការបំផ្លាញរូបចម្លាក់ហិណ្ឌូដោយកងទ័ពថៃថាទង្វើមិនសមហេតុផល និងមិនអាចលើកលែង។ លោកអនុទីនបានបញ្ជាក់ទៅកាន់ឥណ្ឌា និងអ្នករិះគន់វិញថារូបចម្លាក់ហិណ្ឌូនេះមិនអាចប្រៀមធៀបជាមួយទាហានថៃដែលស្លាប់ក្នុងការប្រយុទ្ធជាមួយប្រទេសកម្ពុជាជាច្រើននាក់បាននោះទេ។
ការចេញមុខប្រកាសរបស់អនុទីននេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងការបរទេសឥណ្ឌា បានឆ្លើយតបទៅនឹងសំណួរក្នុងប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការកម្ទេចរូបសំណាកអាទិទេពហិណ្ឌូនៅកម្ពុជាដោយយោធាថៃ ដែលថាទោះបីជាជម្លោះព្រំដែនយ៉ាងណាក៏ដោយ ទង្វើមិនគោរពបែបនេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកកាន់សាសនាហិណ្ឌូនៅជុំវិញពិភពលោក ហើយជាទង្វើមិនគួរកើតឡើងឡើយ។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃលោកនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល បានថ្លែងថា ជីវិតរបស់ទាហានមិនអាចប្រៀបធៀបទៅនឹងរូបសំណាកដែលមានអវយវៈត្រូវបានកាត់ផ្តាច់នោះទេ។ លោកបានមានប្រសាសន៍ថា "ប្រសិនបើអ្នកប្រៀបធៀបការខូចខាតដល់រូបសំណាកទៅនឹងអវយវៈទាំងអស់ដែលទាហានរបស់យើងបានបាត់បង់ ហើយបន្ទាប់មកប្រៀបធៀបវាទៅនឹងការប្រមាថមើលងាយគឺមិនសមហេតុផលទេ" លោកថាទាហានថៃបានពលីស្លាប់បាត់បង់ជីវិតជាច្រើនក្នុងការធ្វើសង្រ្គាមឈ្លានពានប្រទេសកម្ពុជា៕