681 ezgif.com resize
Swift cc time

ជប៉ុនសន្យាកាត់បន្ថយកម្រៃសេវាបញ្ជូនពលករ និងផ្តល់ឱកាសការងារនៅប្រទេសជប៉ុនបន្ថែមទៀតដល់ពលករកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសជប៉ុនតាមរយៈរដ្ឋសភាជប៉ុន សន្យានឹងខិតខំជួយកម្ពុជា ដើម្បីផ្សារភ្ជាប់ទីភ្នាក់ងារជ្រើសរើសឯកជន ជាមួយសមាគមគ្រប់គ្រងជប៉ុនផ្ទាល់ដោយមិនពាក់ព័ន្ធជាមួយឈ្មួញកណ្តាល សំដៅរួមចំណែកកាត់បន្ថយកម្រៃសេវាបញ្ជូន និងផ្តល់ឱកាសការងារនៅប្រទេសជប៉ុនបន្ថែមទៀតដល់ពលករកម្ពុជា។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនេះ លោក ហេង សួរ បានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះមិត្តភាពដ៏រឹងមាំ និងការគាំទ្ររបស់ជប៉ុនដល់កម្ពុជានាពេលកន្លងមក ដូចជាការចូលរួមរក្សាសន្តិភាពនៅកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ឱកាសដល់កម្មសិក្សាការី និងពលករជំនាញកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន។

ជាងនេះទៅទៀត កម្ពុជាគាំទ្រចំពោះប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ(ESD) ដែលនឹងត្រូវមកជំនួសប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស នៅឆ្នាំ២០២៧ខាងមុខនេះ។ ប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ(ESD) ត្រូវបានកែលម្អបន្ថែមដោយក្នុងនោះមានការពង្រីកជំនាញច្រើនជាងមុន ហើយមានលក្ខណៈស្របនឹងជំនាញក្នុងប្រព័ន្ធពលករជំនាញ ដែលធ្វើឱ្យពលករបរទេសងាយស្រួលបន្តអាណត្តិជាពលករជំនាញ និងមានយន្តការអនុញ្ញាតឱ្យពលករអាចផ្លាស់ប្តូរការងារដែលនឹងរួមចំណែក ក្នុងការកាត់បន្ថយបញ្ហារត់គេច ព្រមទាំងមានការកំណត់កម្រៃសេវាបញ្ជូនអតិបរមាដូចៗគ្នាសម្រាប់គ្រប់ប្រទេសបញ្ជូន។

រដ្ឋមន្រ្តីក្រសួងការងារ ក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាបានខិតខំពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដោយក្នុងនោះបានសម្រេចនូវសមទ្ធិផលជាច្រើន រួមទាំងការកាត់បន្ថយកម្រៃសេវាបញ្ជូនជាបន្តបន្ទាប់ និងគ្រោងកាត់បន្ថយបន្ថែមនៅឆ្នាំ២០២៧។

ជាមួយគ្នានេះ លោក សាកាហ្គុឈិ ណោតុ សមាជិករដ្ឋសភាជប៉ុន បានលើកឡើងថា តាមរយៈបទពិសោធការងារជាអ្នកផ្តល់ការប្រឹក្សាយោបល់ និងភ្ជាប់ទំនាក់ទំនងរវាងទីភ្នាក់ងារជ្រើសរើសឯកជននៅតាមបណ្តាប្រទេសបញ្ជូនមួយចំនួន និងសមាគមគ្រប់គ្រងជប៉ុន ឯកឧត្តមនឹងខិតខំជួយកម្ពុជាដើម្បីផ្សារភ្ជាប់ទីភ្នាក់ងារជ្រើសរើសឯកជន ជាមួយសមាគមគ្រប់គ្រងជប៉ុនផ្ទាល់ដោយមិនពាក់ព័ន្ធជាមួយឈ្មួញកណ្តាល សំដៅរួមចំណែកកាត់បន្ថយកម្រៃសេវាបញ្ជូន និងផ្តល់ឱកាសការងារនៅប្រទេសជប៉ុនបន្ថែមទៀតដល់ពលករកម្ពុជា។

លោកសន្យានឹងនាំយកនូវសំណូមពរនានា ជាពិសេសកិច្ចការពាក់ព័ន្ធនឹងការគាំពារពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ទៅពិភាក្សាក្នុងក្របខ័ណ្ឌសភាជប៉ុន ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង