បន្ទាយមានជ័យ៖ នៅវេលាម៉ោង ៨: ៤១នាទី ថ្ងៃទី ២៥ ធ្នូនេះ ក្រុមយោធាថៃ បានបន្តបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១នាក់។ នេះបើយោងតាមករបញ្ជាក់ពីក្រសួងការពារជាតិ ស្តីពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំថ្ងៃ។
ក្រសួងការពារជាតិកម្ពុជា បន្តថ្កោលទោស និងចាត់ទុក សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់កើនដល់៣០ នាក់ និងរបួស ៨៧នាក់ ដោយសារការឈ្លានពានយោធាថៃ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ៕