ថៃ៖ និស្សិត និងពលរដ្ឋថៃ មួយចំនួន នៅថ្ងៃទី ២៤ ធ្នូ បានប្រមូលផ្តុំគ្នា នៅមុខសាកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃ ដើម្បីស្នើរសុំរដ្ឋាភិបាលថៃ បញ្ចប់សង្រ្គាមជាមួយកម្ពុជាឱ្យបានឆាប់រហ័ស ដោយកាន់បដា ជាភាសាអង់គ្លេសថា «No War» និង «Make Love Not War» និង ភាសាថៃ ដែលមានន័យថា « សូមឈប់បាញ់ជាបន្ទាន់» និង «ការដោះស្រាយដោយភ្នែកទល់ភ្នែក នឹងធ្វើឱ្យយើងខ្វាក់ភ្នែក»ជាដើម។
ក្រុមនិស្សិតថៃ បានបង្ហាញការឈឺចាប់យ៉ាងខ្លាំង និង ថ្កោលទោស ចំពោះអ្នកផ្ដើមសង្គ្រាម និង ស្នើរឱ្យបញ្ចប់សង្រ្គាមនេះជាបន្ទាន់ ដើម្បីធានាកុំឱ្យមានការពលីជិវិតមនុស្សបន្ថែមទៀត។ពលរដ្ឋថៃម្នាក់ដែលចូលរួមតវ៉ា បានប្រាប់បណ្ដាញផ្សព្វផ្សាយថៃ Prachathai.com ពីមិត្តភាពដល់ល្អរវាងខ្មែរ និងថៃកន្លងមក និងមិនចង់ឃើញប្រទេសទាំងពីរយកគ្នាជាសត្រូវទេ។
ពលរដ្ឋរូបនេះ បានប្រាប់បណ្ដាញផ្សព្វផ្សាយថៃ Prachathai.com « ខ្ញុំធ្លាប់មានមិត្តភក្តិជនជាតិកម្ពុជាជាច្រើននាក់ និង ធ្លាប់ញាំអាហារជាមួយគ្នា និងរាប់អានគ្នាជាច្រើនឆ្នាំ ហើយពួកគេក៏ជាមនុស្ស និង មានតម្រូវការក្នុងការរស់នៅដូចយើងដែរ» ។ ពលរដ្ឋថៃរូបនេះ បារម្ភនឹងមានការបាត់បង់ជីវិតមនុស្សបន្ថែមទៀតដោយសារសង្រ្គាម ដោយពលរដ្ឋក្មេងចាស់ ប្រុសស្រី ត្រូវលាក់ពួនរស់នៅកន្លែងភៀសខ្លួន ហើយកុមាររងហានិភ័យខ្ពស់ដោយប៉ះពាល់ដល់កុមារភាពដែលគួរតែរីករាយជាជាងភាពភ័យខ្លាចបែបនេះ។
ជាមួយគ្នានោះ មានពលរដ្ឋថៃមួយក្រុមទៀតឈរកាន់ទង់ជាតិ “ផ្តល់កម្លាំងចិត្តដល់ទាហាន” នៅលាន «ឋាហ្វេ» ខេត្តឈៀងម៉ៃ កាលពីល្ងាចម្សិលមិញ នៅម៉ោង៥ ល្ងាច ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពជើងទឹក កងទ័ពអាកាស និងប៉ូលិសថៃ ក្នុងសង្គ្រាមព្រំដែនថៃ-កម្ពុជា និងចូលរួមឈរគោរពទង់ជាតិ និងឈរយំ សម្ដែងការសោកសៅដោយទាហានថៃជាច្រើនដែលបានពលីក្នុងសង្គ្រាមព្រំដែននេះ។