ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ត្រូវបន្តបម្រើសេវា ជូនប្រជាជន និងកងទ័ព ដោយទឹកចិត្តមុះមុត មិនរាថយចំពោះឧបសគ្គ និងការគំរាមកំហែង ដោយហឹង្សាពីសំណាក់សត្រូវឈ្លានពានថៃ។ ការលើកឡើងនេះ ក្នុងឱកាសរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៅទីស្តីការក្រសួង ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបានបន្តបម្រើសេវា ជូនប្រជាជន និងកងទ័ព ដោយទឹកចិត្តមុះមុត មិនរាថយចំពោះឧបសគ្គ និងការគំរាមកំហែង ដោយហឹង្សាពីសំណាក់សត្រូវឈ្លានពាន។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ត្រូវបន្តផ្តល់ជូនបុគ្គលិកសុខាភិបាល នៅជួរមុខទាំងអស់នូវស្មារតីគាំទ្រ និងបន្តស្ថិតនៅជាប់ជាមួយបុគ្គលិកសុខាភិបាលទាំងអស់ នៅក្នុងពេលវេលាដ៏លំបាកនេះ។
លោក ឈាង រ៉ា បានបន្ថែមទៀតថា វិស័យសុខាភិបាល ត្រូវឆ្លើយតបទៅនឹងតម្រូវការ នៃការជួយសង្គ្រោះប្រជាពលរដ្ឋ និងកងទ័ពដែលមានជំងឺ ឬរងរបួស ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ និងមានភាពម៉ឹងម៉ាត់ពោរពេញដោយទឹកចិត្តស្រឡាញ់ ក្នុងការបំពេញការងារនៅតាមតំបន់ព្រំដែន។ លោកសង្គត់ធ្ងន់ថា លទ្ធផលដែលវិស័យសុខាភិបាលអាចសម្រេចបានមកត្រឹមពេលនេះ មិនមែនកើតឡើងដោយបុគ្គលណាម្នាក់ទេ គឺបានមកពីការចូលរួមរបស់មន្ត្រីសុខាភិបាលទាំងអស់នៅទូទាំងប្រទេស ហើយមន្រ្តីសុខាភិបាលទាំងអស់ ត្រូវចូលរួមរក្សាភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព៕