Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រមុខការពារជាតិកម្ពុជា៖កូរ៉ូណាវីរុសមិនអាចរារាំងការធ្វើសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ សមយុទ្ធនាគមាសរវាងកម្ពុជា និងចិន នឹងធ្វើឡើងតាមការកំណត់នាពាក់កណ្តាលខែមីនា ឆ្នាំ២០២០នេះ ដោយមិនមានការប្រែប្រួលអ្វីនោះទេ។ នេះ គឺជាការបញ្ជាក់ឱ្យដឹងរបស់សម្តេចទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅក្រោយពិធីប្រគល់សម្ភារការពារទប់ស្កាត់វីរុស កូរ៉ូណាថ្មី ឬ Covid-19 ទៅឱ្យស្ថានទូតចិនប្រចាំនៅកម្ពុជាកាលពីថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

សម្តេចទៀ បាញ់ បានអះអាងថា បញ្ហាមេរោគឆ្លងកូរ៉ូណាថ្មី មិនអាចមកផ្តាច់ ឫផ្អាកដំណើរការកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនបានឡើយ ។ សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា៖ «លំហាត់ហ្វឹកហ្វឺននាគមាសនៅពេលខាងមុខនេះ ក៏យើងនៅតែបន្តធ្វើ ដូចគ្មានអ្វីប្រែប្រួលនោះឡើយ»។ ជាមួយគ្នានេះ ប្រមុខការ ពារជាតិកម្ពុជា ក៏បង្ហាញការជឿជាក់ថា រដ្ឋាភិបាលចិន នឹងអាចបង្ក្រាបមេរោគឆ្លងកូរ៉ូណាបានជោគជ័យក្នុងពេលឆាប់ៗនេះ ជាក់ជាមិនខាននោះឡើយ។

ចំណែក លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាវិញ បានលើកឡើងថា នៅពេលខាងមុខនេះ ចិនដែលដឹកនាំដោយលោកប្រធានាធីបតីស៊ី ជីនពីង នឹងទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹង មេរោគឆ្លងកូរ៉ូណា។ លោកបន្តថា បើទោះបីមេរោគកូរ៉ូណា មានភាពកាចសាហាវខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែវាមិនមកអាចរារាំងកិច្ចសហប្របត្តិការ ក៏ដូចជា ការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងចិន និងកម្ពុជាបានទេ។ បើតាមលោកវ៉ាង វិនធាន សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពចិន និងកម្ពុជានឹងប្រព្រឹត្តទៅតាមផែនការនៅក្នុងខែមីនា ខាងមុខនេះ។

សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះថា នាគមាស នៅពាក់កណ្តាលខែមីនា ខាងមុខនេះនៅក្នុងស្រុកជុំគិរី ខេត្តកំពត។ សមយុទ្ធយោធានេះ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌» ហើយវាមានការប្រឆាំងភេរវកម្ម ការរំដោះចំណាប់ខ្មាំង ការសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ និងការបំពេញភារកិច្ចក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ កងទ័ពកម្ពុជា និង ចិន នឹងប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌធំៗនៅក្នុងសមយុទ្ធនេះ រួមមានដូចជា រថក្រោះ រថពាសដែក កាំភ្លើងធំ កាំភ្លើង ត្បាល់ ឧទ្ធម្ភាគចក្រ និងអាវុធគាំទ្រពីលើអាកាសជាដើម៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង