បាងកក៖ គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី ២៣ ធ្នូម្សិលមិញ បានអនុម័តថវិកាបន្ថែមប្រមាណជាង ៥ ពាន់លានបាត (១៦០ លានដុល្លារ) សម្រាប់ក្រសួងការពារជាតិ ដើម្បីគាំទ្រប្រតិបត្តិការយោធា ជាពិសេសកញ្ចប់នេះ ជំរុញទៅកាន់កងទ័ព ដើម្បីបន្តប្រតិបត្តិការយោធាតាមព្រំដែន ថៃ-កម្ពុជា។
លោក Siripong Angkasakulkiat អ្នកនាំពាក្យនៃការិយាល័យនាយករដ្ឋមន្ត្រីថៃ បានអះអាងថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តថវិកាចំនួន ៥,០៥ ពាន់លានបាត ពីថវិកាកណ្តាល សម្រាប់កងកម្លាំងប្រដាប់អាវុធថៃ រួមទាំងកងទ័ពជើងគោក កងទ័ពជើងទឹក និង កងទ័ពអាកាស ដើម្បីបន្តប្រតិបត្តិការយោធារបស់ខ្លួន តាមបណ្តោយព្រំដែន លោកថា ព័ត៌មានលម្អិតនៃការចំណាយលើអ្វីខ្លះ មិនត្រូវបានបញ្ចេញនោះទេ៕