ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី ២៣ធ្នូនេះ បានបន្តអំពាវនាវដល់ប្រទេសកម្ពុជា និងថៃ ត្រូវតែធានាសុខសុវត្តិភាពរបស់ពលរដ្ឋខ្លួន។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីកម្មករក្រុមហ៊ុនរ៉ែម្នាក់ នៅខេត្តបាត់ដំបង បានរងរបួសដោយសារគ្រាប់ផ្លោងរបស់ក្រុមយោធាថៃ ចូលដែនអធិបតេយ្យរបស់កម្ពុជា កាលពីថ្ងៃទី ២២ ធ្នូ ២០២៥។
ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរៀបចំឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបសំណួរអំពីស្ថានភាពនៅ កម្ពុជា និង ថៃ លោក Lin Jian បាននិយាយថា តាមដែលលោកដឹង ពលរដ្ឋចិនម្នាក់បានរងរបួសស្រាល ក្នុងការប៉ះទង្គិចគ្នានៅព្រំដែនថៃ-កម្ពុជា នៅថ្ងៃទី ២២ ខែធ្នូ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានទាក់ទងបុគ្គលនោះ ហើយនឹងផ្តល់ការការពារ និង ជំនួយកុងស៊ុលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
បើតាម លោក Lin Jian ស្ថានភាពសន្តិសុខនៅព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នមានសភាពធ្ងន់ធ្ងរ ហើយលោកសូមរម្លឹកម្តងទៀតដល់ពលរដ្ឋចិន កុំឱ្យធ្វើដំណើរទៅកាន់តំបន់ដែលបានរៀបរាប់ខាងលើ។ អ្នកនាំពាក្យអំពាវនាវដល់ភាគីទាំងពីរនៅក្នុងជម្លោះឱ្យធានាសុវត្ថិភាព សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ និងសហគ្រាសចិន។
គួរបញ្ជាក់បន្ថែមថា ជនជាតិចិនដែលបានរងរបួស នៅខេត្តបាត់ដំបងដោយសារគ្រាប់ផ្លោងថៃ កាលពីព្រឹកថ្ងៃទី២២ធ្នូម្សិលមិញនេះ គឺជាកម្មកររ៉ែ នៅស្រុកភ្នំព្រឹក។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋបាលសាលាខេត្តបាត់ដំបងមកកាន់ក្រុមការងារនាំពាក្យ៕