681 ezgif.com resize
Swift cc time

ក្នុងជំនួបកម្ពុជា និងថៃ បេសកជនចិនទទូចឱ្យភាគីទាំងពីរ«ឈប់បាញ់ និងចូលតុចរចា»

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ចិន៖ លោក តេង ស៊ីយុន បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃ ដើម្បីធ្វើការសម្របសម្រួលលើជម្លោះព្រំដែនថ្មីៗនេះរវាងប្រទេសទាំងពីរ។ ប្រទេសចិន មានឆន្ទៈក្នុងការបង្កើតបរិយាកាសល្អឡើងវិញ សំរាប់ផ្តល់ជាវេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។ បេសកជនពិសេសចិន សង្ឃឹមថា កម្ពុជា និងថៃ នឹងជួបចរចាគ្នាខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពនៅតាមព្រំដែនឡើងវិញ។

ក្នុងដំណើរទស្សនកិច្ចពិសេសនោះ លោក តេង ស៊ីយុន បានជួបដាច់ដោយឡែកជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស, លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ហាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ចំណែកនៅថៃ លោក តេង ស៊ីយុន ជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Nattaphon Narkphanit មេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទថៃ និង លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រោយចប់ទស្សនកិច្ច បេសកជនពិសេសចិន លោក តេង ស៊ីយុន បានប្រាប់ពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា-ថៃ ហើយមានការសោកស្ដាយ ចំពោះអ្នកដែលបានបាត់បង់ជីវិត និងអ្នករងរបួស និង ការផ្លាស់ទីលំនៅរបស់ពលរដ្ឋភៀសសឹក ដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ។លោកបានទទូចឱ្យកម្ពុជា និងថៃ បញ្ឈប់ការបាញ់ប្រហារ និង បន្តការសន្ទនាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។

លោក តេង ស៊ីយុន បានគូសបញ្ជាក់ថា ប្រទេសចិន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និង តួនាទីដ៏សំខាន់របស់បេសកកម្មសង្កេតការណ៍អាស៊ាន ក្នុងការតាមដានបទឈប់បាញ់។ ប្រទេសចិន មានឆន្ទៈក្នុងការបង្កើតបរិយាកាសល្អឡើងវិញ សំរាប់ផ្តល់ជាវេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។ លោកសង្ឃឹមថា កម្ពុជានិងថៃដើរផ្លូវស្របជាមួយគ្នា ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញនៅតាមព្រំដែន។

បើតាមសេចក្តីប្រកាសព័ត៌មាន កម្ពុជា និងថៃ បានសម្តែងការអរគុណចិន ចំពោះកិច្ចខិតខំប្រឹងប្រែងជាប់លាប់របស់ខ្លួន ក្នុងការលើកកម្ពស់ការចរចាសន្តិភាព តាមរបៀបដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីទាំងអស់។ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាព ក្តីសង្ឃឹមសម្រាប់បទឈប់បាញ់ប្រកបដោយចីរភាព និងឆន្ទៈក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីបន្ថយភាពតានតឹង ស្តារសន្តិភាព និងស្ថិរភាពឡើងវិញដល់តំបន់ព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

Khcct banner

អត្ថបទទាក់ទង