681 ezgif.com resize
Swift cc time

អ្នកជំនាញ៖ ភ្ញៀវទេសចរបរទេសមួយចំនួនពន្យារពេលមកទស្សនាកម្សាន្តនៅកម្ពុជានារដូវកាល High Seasonនេះ ខណៈភ្ញៀវមួយចំនួនទៀតនៅតែបន្តមកធម្មតា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ភ្ញៀវទេសចរបទេសដែលបានទិញកញ្ចប់ទេសចរណ៍ទស្សនានៅប្រទេសកម្ពុជានារដូវកាល High Seasonនេះ គឺមានចំនួច្រើន ប៉ុន្តែទេសចរបរទេសមួយចំនួនសុំពន្យារពេលមកទស្សនាកម្សាន្តប្រទេសកម្ពុជានារដូវកាលនេះ ព្រោះតែខ្លាចរងផលរំខានពីសង្គ្រាមឈ្លានពានថៃមកលើប្រទេសកម្ពុជា។ តែទោះជាយ៉ាងណា អ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា ភ្ញៀវទេសចរបរទសមួយចំនួនផ្សេងទៀតនៅតែបន្តមកកម្សាន្តនៅកម្ពុជាតាមផែនការគ្រោងទុក និងជឿទុកចិត្តលើក្រុមហ៊ុនទេសចរណ៍របស់កម្ពុជា។ នេះជាប្រសាសន៍របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មកកាន់ស៊ីស៊ីថាមស៍ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ស្ថានភាពវិស័យទេសរណ៍កម្ពុជានាពេលបច្ចុប្បន្ននេះ គ្រោងរំពឹងទទួលបានភ្ញៀវទេសចរច្រើន ដែលបានទិញកញ្ចប់មកទស្សនានៅកម្ពុជា តែពេលផ្ទុះសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ ពិសេសព្រំដែនខេត្តសៀមរាប បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរបរទេសមួយចំនួន ដែលគ្រោងមកកម្សាន្តនៅកម្ពុជា នារដូវកាល High Seasonនេះ។

លោកស្រីបន្តថា ចំពោះភ្ញៀវទេសចរបរទេសដែលបានមកដល់ប្រទេសកម្ពុជារួចជាស្រេច គឺកំពុងទទួលបានភាពសប្បាយរីករាយ និងពុំសូវព្រួយបារម្ភដូចភ្ញៀវដែលមិនទាន់មកទេ ដូចនេះភ្ញៀវខ្លះសុំពន្យារពេលព្រោះខ្លាចរំខានពីការផ្ទុះអាវុធជាដើម ប៉ុន្តែភ្ញៀវមួយចំនួនទៀតនៅតែបន្តមកព្រោះជឿជាក់លើការផ្សព្វផ្សាយរបស់ក្រុមហ៊ុនទេសចរណ៍នៅកម្ពុជាថាមានសុវត្ថិភាពនៅតំបន់ទេសចរណ៍។

អ្នកជំនាញវិស័យទេសចរណ៍រូបនេះបន្ថែមថា សម្រាប់វិធានការទាក់ទាញទេសចរ គឺខាងក្រសួងទេសចរណ៍ ក៏ដូចជាវិស័យឯកជននៅតែបន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិតាមរយៈការជួបប្រជុំដោយផ្ទាល់នៅតាមបណ្ដាប្រទេសនីមួយៗនាពេលកន្លងមក ហើយបច្ចុប្បន្ននៅតែមានវិធានការជាបន្តបន្ទាប់ដូចជាការលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋចិនជាដើម។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងវិញនៅរដូវកាលបៃតងឆ្នាំ២០២៦ខាងមុខ។ ក្នុងនោះ កម្ពុជាផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន៕


Khcct banner

អត្ថបទទាក់ទង