ភ្នំពេញ៖ ថ្ងៃទី២៤ ខែធ្នូ គឺជាយប់សុខសាន្តនៃពិធីបុណ្យណូអែល។សម្រាប់ប្រទេសជាច្រើន ចាត់ទុកយប់នេះ គឺជាយប់មួយពោរពេញទៅដោយការសុំសេចក្តីសុខ ការជូបជុំគ្នា និង ការជូនពរជ័យគ្នាទៅវិញទៅមក។ចំណែកកម្ពុជា គឺជាប្រទេសគោរពសាសនាព្រះពុទ្ធ ហើយយប់សុខសាន្តនៃបុណ្យណូអែលនេះ ពលរដ្ឋខ្មែរភាគច្រើនមិនចូលរួមប្រារព្ធ។
ប៉ុន្តែនៅក្នុងឆ្នាំនេះ ថ្ងៃ២៤ ខែធ្នូ គឺជាថ្ងៃដែលប្រជាជនកម្ពុជាផ្តល់នូវអត្ថន័យថ្មីមួយដ៏មានទម្ងន់ និងអន្ទះសារ ដោយសង្ឃឹមថា សម្លេងកាំភ្លើងនឹងត្រូវបានបញ្ឈប់ ព្រំដែននឹងវិលទៅរកភាពស្ងប់ស្ងាត់វិញដូចដើម ហើយកាន់តែសង្ឃឹមថា នៅយប់សុខសាន្តនេះ ប្រជាជនពិតជានឹងមានភាពសុខសាន្តដ៏ពិតប្រាកដ។
ពីរថ្ងៃនៃការចូលមកដល់យប់សុខសាន្តនៃបុណ្យណូអែល ពោលគឺនៅថ្ងៃទី២២ ខែធ្នូ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពី ស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីបានប្រារព្ធឡើង។កម្ពុជា និងថៃ យល់ព្រមថា កិច្ចប្រជុំពិសេសរវាងកងទ័ពទាំងពីរប្រទេសនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពិភាក្សាអំពីរបៀបអនុវត្តជាក់ស្តែង និង យន្តការត្រួតពិនិត្យស្តីពី បទឈប់បាញ់។
សម្រាប់មជ្ឈដ្ឋានខាងក្រៅ នេះអាចគ្រាន់តែជាការរៀបចំផ្នែកការទូតមួយប៉ុណ្ណោះ ប៉ុន្តែសម្រាប់គ្រួសារប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ដែលត្រូវចាកចេញពីលំនៅដ្ឋានដោយសារសង្គ្រាម នេះគឺជាសេចក្តីសង្ឃឹមដែលទាក់ទងនឹងការរស់រានមានជីវិត និងការត្រឡប់ទៅផ្ទះជាទីស្រលាញ់របស់ខ្លួនវិញ។
តាមពិតកម្ពុជាបានបង្ហាញយ៉ាងច្បាស់នូវជំហររបស់ខ្លួន ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយអំពាវនាវឱ្យមានការឈប់បាញ់ទាំងស្រុង ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២២ ខែធ្នូនេះតទៅ ព្រមទាំងស្តារកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់។ នេះគឺជាការអំពាវនាវដ៏ច្បាស់លាស់ ដោយផ្ទាល់ និង បានយកសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់ជាងគេ។
តែទោះជាយ៉ាងនេះក្តី ក្នុងអំឡុងពេលប្រជុំ ភាគីថៃបានបន្តដាក់លក្ខខណ្ឌ "បន្ថែម" និង ទាមទារឱ្យកម្ពុជាដាក់ជូនឯកសារជាលាយលក្ខណ៍អក្សរជាមុនពីការរៀបចំឈប់បាញ់នៅពាក់កណ្តាលអធ្រាត្រ។ប្រឈមមុខនឹងស្ថានភាពបែបនេះ កម្ពុជាបានជ្រើសរើសការអត់ធ្មត់។ មិនបានធ្វើការប្រកែកនៅក្នុងកិច្ចប្រជុំ ហើយក៏មិនបានអនុញ្ញាតឱ្យអារម្មណ៍មកគ្របសង្កត់លើផលប្រយោជន៍សន្តិភាពដែរ។ ការអត់ធ្មត់នេះ មិនមែនជាភាពទន់ខ្សោយទេ ប៉ុន្តែវាជាការសម្រេចចិត្តរបស់ប្រទេសមួយ ក្រោមស្រមោលនៃសង្គ្រាម ដែលនៅតែជ្រើសរើសប្រកបដោយសតិសម្បជញ្ញៈ ជ្រើសរើសសេចក្តីថ្លៃថ្នូរ ជ្រើសរើសការផ្តល់ពេលវេលា និងលំហសម្រាប់ សន្តិភាព។
ក្នុងសេចក្តីថ្លែងការណ៍ប្រធានអាស៊ាន បានបញ្ជាក់ម្តងហើយម្តងទៀត នូវការសង្កត់ធ្ងន់ទៅលើ "ការអត់ធ្មត់ជាអតិបរមា" "ការជៀសវាងការធ្វើឱ្យស្ថានភាពកាន់តែតឹងតែង" "ការអនុវត្តកិច្ចព្រមព្រៀងមានស្រាប់" ព្រមទាំងបានបង្ហាញការព្រួយបារម្ភ ចំពោះការបាត់បង់ជីវិតមនុស្ស ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង ការបង្ខំឱ្យប្រជាពលរដ្ឋភៀសខ្លួនចេញពីលំនៅដ្ឋាន។
នៅពីក្រោយការបង្ហាញទាំងនេះ គឺជាការពិតមួយដែលមិនអាចគេចវេសបានថា ប្រសិនបើគ្មានការឈប់បាញ់ពិតប្រាកដទេ ការសន្យា សន្តិភាព ណាមួយក៏អាចនៅតែស្ថិតនៅលើក្រដាសប៉ុណ្ណោះ។
សម្រាប់កម្ពុជា ថ្ងៃទី២៤ ខែធ្នូនេះ មិនមែនគ្រាន់តែជាកាលបរិច្ឆេទនៃកិច្ចប្រជុំរវាងកងទ័ពតែប៉ុណ្ណោះទេ វាជានិមិត្តរូបនៃការតស៊ូផ្នែកការទូត តើអាចនាំមកនូវលទ្ធផលជាក់ស្តែងដែរឬទេ? ក៏ជានិមិត្តរូបថា តើយន្តការអន្តរជាតិនៅតែអាចការពារប្រទេសតូចខ្សោយបានដែរឬទេ? ហើយក៏ជានិមិត្តរូបថា តើប្រទេសនេះ អាចទទួលបាន សន្តិភាព ពិតប្រាកដនៅក្នុងយប់សុខសាន្តនៃបុណ្យណូអែលដែរឬទេ?
នៅពេលនេះ ក្មេងៗនៅក្នុងទីតាំងសុវត្ថិភាពបណ្តោះអាសន្ន ទាហានកំពុងឈរជើងនៅព្រំដែន និង គ្រួសារជនភៀសសឹកត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានដោយសារសង្គ្រាម គឺពួកគេមិនខ្វល់ពីពាក្យសំដីការទូតដែលត្រូវបានរៀបចំយ៉ាងណានោះឡើយ។ អ្វីដែលពួកគេខ្វាយខ្វល់ គឺរឿងតែមួយគត់ តើនឹងបន្តមានសម្លេងកាំភ្លើងធំតទៅទៀតដែរទេ?
កម្ពុជា បានបង្ហាញយ៉ាងច្បាស់នូវអាកប្បកិរិយារបស់ខ្លួន គឺមិនស្វែងរកជម្លោះ មិនគេចវេសពីកិច្ចសន្ទនា ហើយក៏មិនបោះបង់អធិបតេយ្យភាព និង ភាពថ្លៃថ្នូររបស់ខ្លួនដែរ។មុនពេលយប់សុខសាន្តនៃបុណ្យណូអែលចូលមកដល់ អ្វីដែលប្រជាជនកម្ពុជាសង្ឃឹមនោះ គឺមានតែសុវត្ថិភាពប៉ុណ្ណោះ។
ដូច្នេះ សូមឱ្យថ្ងៃទី ២៤ ខែធ្នូនេះ ក្លាយជាចំណុចផ្តើមនៃការអនុវត្តការឈប់បាញ់ដ៏ពិតប្រាកដ។ សូមឱ្យយប់ សុខសាន្តនៃបុណ្យណូអែលនេះ ពិតជាសក្តិសមទៅនឹងពាក្យ "សុខសាន្ត"ពីរម៉ាត់នេះទៅចុះ៕