ភ្នំពេញ៖ មុនថៃចូលឈ្លានពាន កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា ជាពិសេសយុវជន ហាក់បីដូចជាបានភ្លេចចោលទៅហើយនូវអារម្មណ៍ឈឺចាប់ជាច្រើន ដែលបង្កឡើងដោយសារភ្លើង«សង្គ្រាម»។កាលណោះជារៀងរាល់ថ្ងៃ គេតែងតែឃើញមានយុវជនជំនាន់ក្រោយជាច្រើន បានស្គាល់ហាងកាហ្វេប្រែនៗ លេង TikTok Facebook ទិញឥវ៉ាន់តាមអនឡាញ និង ជីវភាពពោរពេញទៅដោយភាពរីករាយ និង កាន់តែស៊ីវិល័យទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។កាលនេះ សបញ្ជាក់ឱ្យឃើញថា ពួកគេភាគច្រើន អាចគិតថា សន្តិភាព គឺមាននៅទីនេះ ប្រៀបបានដូចជាខ្យល់អាកាសជុំវិញខ្លួន ស្រូបយកបានគ្រប់ពេល។
ក៏ប៉ុន្តែ កាលពីឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ជម្លោះព្រំដែនរវាង កម្ពុជា និងថៃ បានវិវត្តក្លាយជាជម្លោះប្រដាប់អាវុធ សំឡេងកាំភ្លើងបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែន កងទ័ពត្រូវបានចល័ត ប្រជាពលរដ្ឋនៅតាមព្រំដែនត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន ទឹកដីរបស់ប្រទេសកម្ពុជាត្រូវបានរំលោភបំពាន ទាហានរបស់យើងបានពលីជីវិតនៅលើខ្សែបន្ទាត់ព្រំដែន។
ការឈឺចាប់ក្នុងចិត្ត ការសោកសៅ និង ការធ្លាក់ទឹកចិត្ត កំហឹងក្នុងចិត្តនាពេលនោះ បានធ្វើឲ្យមនុស្សជាច្រើនដឹងការពិតជាលើកដំបូងថា តាមពិតទៅ សន្តិភាព មិនមែនជារឿងស្ថិតស្ថេរ ជាអមតនោះទេ។
ម្លោះហើយបានជានៅក្នុងសម័យប្រជុំសភា កាលពីថ្ងៃទី ១២ ឧសភា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចំណាយពេល ៤២ នាទី ថ្លែងបទអន្តរាគមន៍អំពីសេចក្តីព្រាងច្បាប់ស្ដីពី កាតព្វកិច្ចយោធា ។ ក្នុងបទអន្តរាគមន៍ដ៏ទឹកមុខមាំទាំ សម្តេចបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃសន្តិភាព ដោយអះអាងថា «សន្ដិភាពយើង មិនអាចសុំអង្វរពីគេទេ»។
ពេលបានឮប្រយោគមួយនេះភ្លាម មនុស្សជាច្រើនអាចមានអារម្មណ៍ថា វាជាពាក្យសំដីដ៏មុតមាំមួយ។ប៉ុន្តែប្រសិនបើយើងគិតឲ្យបានស៊ីជម្រៅ យើងនឹងឃើញថា នេះគឺជាការពិតដ៏ជាក់ស្តែងមួយ។ព្រោះថា នៅលើពិភពលោកនេះ មិនមែនថាយើងមិនចង់ធ្វើសង្គ្រាម គឺសង្គ្រាមនឹងមិនមករកយើងនោះទេ។
ជាពិសេស សម្រាប់ប្រទេសតូចៗដូចជាកម្ពុជា យើងត្រូវតែយល់ច្បាស់ជាងប្រទេសណាទាំងអស់ អំពីហេតុផលមួយនេះ ៖ សហគមន៍អន្តរជាតិ អាចគាំទ្រយើង អាណិតអាសូរយើង និង អាចជួយបញ្ចេញសំលេងគាំទ្រឲ្យយើង ប៉ុន្តែនៅពេលគ្រោះថ្នាក់ពិតប្រាកដធ្លាក់មកដល់ អ្នកអាចការពារប្រទេសជាតិយើងបាននោះ គឺមានតែជាខ្លួនយើងនេះឯងទេ។ រឿងរ៉ាវបានកើតឡើងនៅឆ្នាំមុនកន្លងទៅនេះ គឺពិតជាបានធ្វើឲ្យប្រជាជនកម្ពុជា ជាច្រើនចាប់ផ្ដើមមានអារម្មណ៍បែបនេះ រួចទៅហើយ។
ជាក់ស្តែង នៅពេលភាពតានតឹងតាមជាយដែនជាមួយថៃ ពលរដ្ឋកម្ពុជា ជាច្រើនស្រាប់តែចាប់ផ្ដើមខ្វល់ខ្វាយពី សន្តិសុខ របស់ប្រទេសដ៏តូចមួយនេះ។ ពាក្យថា «កងទ័ព» «អធិបតេយ្យភាព» និង «ព្រំដែន» ធ្លាប់តែគេបំភ្លេចចោល ស្រាប់តែក្លាយជារឿងដ៏ចាប់អារម្មណ៍ក្នុងបណ្តាញព័ត៌មាន។
យុវជន ជាច្រើនក៏ចាប់ផ្តើមភ្ជាក់ខ្លួនថា ចង់ថែរក្សា «សន្តិភាព» អោយបានគង់វង្ស គឺត្រូវការមានមនុស្សជួយថែរក្សាការពារ។ ក្នុងសុន្ទរកថារបស់សម្តេច ហ៊ុន ម៉ាណែត តាមពិត គឺសម្តេចចង់បញ្ជាក់យ៉ាងខ្លីថា «ចង់ការពារសន្តិភាព គឺត្រូវកសាងសមត្ថភាពខ្លួនឯង អោយកាន់តែខ្លាំង»។
តើ«ការកសាងសមត្ថភាពខ្លួនឯងអោយខ្លាំង»នេះមានន័យដូចម្តេច? មិនមែនជាការស្រែកពាក្យស្លោកជារៀងរាល់ថ្ងៃនោះទេ ហើយក៏មិនមែនបង្ហាញថា កម្ពុជាចូលចិត្តធ្វើសង្គ្រាមដែរ។ ផ្ទុយទៅវិញ គឺប្រទេសជាតិយើង ត្រូវតែមានសមត្ថភាព ក្នុងការការពារខ្លួនឯង។ សម្តេច បានមានប្រសាសន៍យ៉ាងត្រង់ៗថា៖ «យើងមិនចង់ឲ្យមានសង្គ្រាមនោះទេ ប៉ុន្តែយើងត្រូវតែមានសមត្ថភាព ត្រៀមខ្លួនប្រឈមមុខជានិច្ច»។
ប្រយោគមួយឃ្លានេះ តាមការពិតទៅប្រទេសជាច្រើនកំពុងតែអនុវត្ត។ អ្វីដែលប្រទេសតូចៗខ្លាចបំផុត មិនមែនភាពក្រីក្រទេ គឺការគ្មានសមត្ថភាពការពារជាតិនេះឯង។ បើគ្មានសមត្ថភាពនោះទេ អ្នកដទៃអាចគំរាមកំហែងធ្វើបាបយើង បានគ្រប់ពេលវេលា។មនុស្សជាច្រើនអាចសួរថា ហេតុអ្វីបានជាកម្ពុជា ជ្រើសរើសជំរុញអនុរត្តច្បាប់ស្តីពី កាតព្វកិច្ចយោធា នៅពេលនេះ? ចម្លើយក៏មិនស្មុគស្មាញនោះដែរ ពោលគឺជម្លោះតាមព្រំដែនកាលពីមួយឆ្នាំកន្លងទៅនេះ បានធ្វើឲ្យកម្ពុជា ឃើញច្បាស់ថា ពិភពលោកនាពេលអនាគត នឹងមិនអាចកាន់តែស្ងប់ស្ងាត់នោះទេ គឺវាកាន់តែស្មុគស្មាញថែមទៀត។
កាលពីមុន មនុស្សទាំងអស់គិតថា ការអភិវឌ្ឍសេដ្ឋកិច្ច គឺជាកិច្ចការសំខាន់ជាងគេ។ប៉ុន្តែឥឡូវនេះ ទើបមើលឃើញថា ប្រសិនបើ សន្តិសុខជាតិ មិនមានស្ថិរភាពនោះទេ សេដ្ឋកិច្ច ទោះល្អកម្រិតណាក៏ដោយ ក៏អាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មួយរំពិច។
ដូច្នេះអ្វីដែល សម្តេច ហ៊ុន ម៉ាណែត កំពុងជំរុញ គឺមិនត្រឹមតែអនុរត្តច្បាប់ស្តីពី កាតព្វកិច្ចយោធា ប៉ុណ្ណោះទេ ។ ប៉ុន្តែ គឺជាទិសដៅថ្មីរបស់ប្រទេសជាតិកម្ពុជា។សម្តេច មានប្រសាសន៍ថា អាវុធអាចទិញបាន សម្ភារយោធា អាចទិញបាន ប៉ុន្តែសំខាន់បំផុតនោះ គឺស្មារតីស្នេហាជាតិរបស់ យុវជន។ ត្រង់ចំណុចនេះ ពិតណាស់ គឺជាអ្វីដែលយើងត្រូវធ្វើការគិតត្រិះរិះពិចារណាទាំងអស់គ្នា។
បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាមានប្រមាណ ៤៥% គឺមានអាយុក្រោម ២៥ឆ្នាំ ហើយភាគច្រើនមិនធ្លាប់ឆ្លងកាត់សង្គ្រាម ហើយក៏មិនធ្លាប់ឆ្លងកាត់គ្រាលំបាកបំផុតរបស់ប្រទេសជាតិដែរ។ ពួកគេធំធាត់ ក្នុងសម័យកាលនៃ សន្តិភាព ដែលមនុស្សចាស់បន្សល់ទុកឱ្យ។
ប៉ុន្តែ សន្តិភាព យូរពេក នាំឱ្យពួកគេងាយភ្លេចថា អ្វីដែលខ្លួនមានសព្វថ្ងៃនេះ មិនមែនធ្លាក់ចុះពីលើមេឃនោះទេ។ សន្តិភាព កម្ពុជាមានកន្លងមករាប់សិបឆ្នាំ គឺជាលទ្ធផលដែលមនុស្សជាច្រើនបានប្រឹងប្រែងពលី ខិតខំថែរក្សា គ្រប់ពេលវេលា។ ដូច្នេះហើយ បានជាពេលនេះ រាជរដ្ឋាភិបាលចាប់ផ្ដើមសង្កត់ធ្ងន់លើ «មនសិការជាតិ» និង ការទទួលខុសត្រូវរបស់យុវជន ចំពោះជាតិ។អ្វីនៅពីក្រោយកង្វល់នេះ គឺ៖ ប្រសិនបើថ្ងៃណាមួយ ប្រទេសជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ពិតប្រាកដ តើយុវជនជំនាន់ក្រោយនេះ ហ៊ានពលីការពារជាតិដែរ ឬទេ?
ពីព្រោះអ្វីដែលគួរឲ្យខ្លាចបំផុតនោះ គឺជាតិមួយ មិនមែនភ័យដោយសារគ្មានលុយនោះទេ តែបារម្ភបំផុត យុវជនលែងខ្វល់ខ្វាយពីប្រទេសជាតិ។ ដូច្នេះហើយបានជា ក្នុងសុន្ទរកថារបស់សម្តេច ហ៊ុន ម៉ាណែត នៅពេលនេះ ជាខ្លឹមសារជាច្រើនស្តាប់ទៅដូចជាកំពុងនិយាយអំពីកងទ័ព ប៉ុន្តែអ្វីដែលយើងមើលឃើញ គឺសម្តេចចង់សំដៅពិតប្រាកដនោះគឺ «អនាគត»។ សម្តេចចង់ក្រើនរំលឹកដល់ប្រទេសជាតិទាំងមូលថា សន្តិភាព គឺមានតម្លៃណាស់។ ប៉ុន្តែ សន្តិភាព មិនមែនជាអ្វីដែលអ្នកដ៏ទៃ ផ្តល់ឲ្យនោះទេ។ នៅទីបញ្ចប់ ប្រទេសជាតិមួយនេះ ត្រូវតែពឹងផ្អែកលើប្រជាជនដ៏អង់អាច របស់ខ្លួនឯង៕