ភ្នំពេញ៖ រដ្ឋបាលជលផល នៅថ្ងៃទី ២៣ ខែធ្នូនេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ខណៈត្រីចាប់ផ្តើមបន្លាស់ទីចេញពី បឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពី បឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើ នេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ ចាប់ពីថ្ងៃថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
រដ្ឋបាលជលផល ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយសម្រួលជូន ដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ៕