681 ezgif.com resize
Swift cc time

ជប៉ុន បង្ហាញបំណងបន្តកិច្ចប្រឹងប្រែង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងអាម៉េរិក និងអាស៊ាន ដើម្បីជំរុញការកាត់បន្ថយភាពតានតឹងកម្ពុជា-ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក Kitamura Toshihiro អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បង្ហាញបំណងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងអាម៉េរិក និងបណ្តាប្រទេសអាស៊ាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។

អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានលើកឡើងថា រដ្ឋាភិបាលជប៉ុន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៃការប៉ះទង្គិចយោធារវាង កម្ពុជា និងថៃបានកើនឡើងម្តងទៀត ចាប់តាំងពីខែធ្នូមក ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសក្នុងនោះរួមមានជនស៊ីវិល ជនភៀសសឹក ជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរ។

ក្នុងស្ថានភាពនេះ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ហើយសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានត្រូវបានចេញផ្សាយដោយជំរុញឱ្យប្រទេសទាំងពីរចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់អំពើអរិភាព និងវិលត្រឡប់ទៅរកការសន្ទនាវិញ។ ជប៉ុនសូមសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងស្វាគមន៍ចំពោះជំហានវិជ្ជមាន ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។

ជប៉ុនក៏សម្តែងការគោរពយ៉ាងជ្រាលជ្រៅសារជាថ្មីម្តងទៀតចំពោះអាម៉េរិក ដែលបានខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាព ក្នុងនោះមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួរ។

រដ្ឋាភិបាលជប៉ុនតែងតែអំពាវនាវប្រទេសកម្ពុជា និងថៃ នៅកម្រិតផ្សេងៗឱ្យមានការអត់ធ្មត់ជាអតិបរមា និងដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។ ជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន៕

Khcct banner

អត្ថបទទាក់ទង