ភ្នំពេញ៖ សហភាពអឺរ៉ុប បានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ស្មើនឹងជាង ២២ លានដុល្លារអាម៉េរិក) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា រួមមាន វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផង។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចសន្ទនាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច កិច្ចសន្ទនា បានផ្តោតការពិភាក្សាលើការវិវត្តពេលថ្មីៗ នៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជា និងសហភាពអឺរ៉ុប រួមមាន សក្តានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើត ក៏ ដូចជា និន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគី អឺរ៉ុប-កម្ពុជា បន្តរីកចម្រើន។ ជាមួយគ្នានេះ ទោះបីជាលំហូរវិនិយោគមកពីសហភាពអឺរ៉ុបនៅមានកម្រិតមធ្យមនៅឡើយ ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបានកើនឡើង ១៧% ក្នុងរយៈពេលដូចគ្នា (year-on-year), គិតត្រឹមខែ តុលា ឆ្នាំ ២០២៥។
តាមរយៈយុទ្ធសាស្ត្រវិនិយោគសកល (Global Gateway Investment Strategy), សហភាព អឺរ៉ុប ជំរុញការវិនិយោគប្រកបដោយចីរភាពនៅទូទាំងពិភពលោក។ សហភាពអឺរ៉ុប ក៏កំពុងពង្រីក វិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអាទិភាពនានា ដូចជា ថាមពល ទឹក និង ការអប់រំ/ជំនាញ។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការពន្លឿនកំណែទម្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ស្មើនឹងជាង ២២ លានដុល្លារអាម៉េរិក) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា រួមមាន វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។
ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការដាក់ឱ្យដំណើរការនូវកិច្ចសហប្រតិបត្តិការថ្មីរវាង សហភាពអឺរ៉ុប និងកម្ពុជា ដោយមានការចូលរួមពីប្រទេសបារាំង និងហ្វាំងឡង់ សម្រាប់ការងារក ទម្រង់ពន្ធដារ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោក អ៉ីហ្គូ ទ្រីសម៉ាន់ បានគូសបញ្ជាក់ថា តាមរយៈការលើកកម្ពស់តម្លាភាព និងហិរញ្ញវត្ថុសាធារណៈរឹងមាំ រួមទាំងប្រព័ន្ធសារពើពន្ធដែលមានប្រសិទ្ធភាព គឺយើងបានជួយកសាងបរិយាកាសធុរកិច្ចដែលអាចប៉ាន់ប្រមាណ (predictable business Environment) បាន ដែល គាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចយូអង្វែង។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ដែលកសាងបាននូវភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីវភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។
គួរបញ្ជាក់ថា លោក អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានជួបសន្ទនាទ្វេភាគី ដើម្បីបញ្ជាក់សារជាថ្មីនូវភាពជាដៃ គូសហប្រតិបត្តិការដ៏រឹងមាំ ក៏ដូចជាដើម្បីពិនិត្យមើលនូវវឌ្ឍនភាពក្នុងវិស័យសំខាន់ៗនកិច្ចសហប្រតិបត្តិការកន្លង៕