កូឡាឡាំពួរ៖ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Daruk Seri Mohamad Hasan នៅថ្ងៃ២២ ធ្នូ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំស្ដីពីស្ថានភាពជម្លោះព្រំដែនកម្ពុជាថៃ នៅទីក្រុងកូឡាឡាំពួរ ដោយសង្កត់ធ្ងន់ពីតួនាទីអាស៊ាន ត្រូវតែប្រឹងប្រែងធានាដោះស្រាយជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃឱ្យបានជាផ្លែផ្កា ដើម្បីធានាពង្រឹងនូវការកសាងទំនុកចិត្តចំពោះសមាជិកអាស៊ានដទៃទៀត តាមរយៈកិច្ចពិភាក្សា ដោយពួតដៃគ្នាជាធ្លុងមួយធានាកសាងនូវស្ថេរភាពតំបន់ឡើងវិញ។
លោក Daruk Seri Mohamad Hasan បានបញ្ជាក់ទៀតថា ប្រទេសជាសមាជិកអាស៊ាន គួរតែរៀនពីអតីតកាល ដោយផ្អែកលើបញ្ញា សាមគ្គីភាព និងទំនុកចិត្ត ដែលអាចនាំផ្លូវប្រទេសនៃសមាជិកអាស៊ាន ឆ្លងកាត់ដំណាក់កាលនៃភាពចលាចលនានាដែលអាក្រក់ៗកន្លងមក។ លោកបន្តទៀតថាយើងត្រូវតែពង្រឹងការកសាងទំនុកចិត្តដល់ភាគីជម្លោះ និងផ្តល់ឱកាសសម្រាប់ការសន្ទនាដើម្បីឈានទៅរកសន្តិភាពឡើងវិញ។
គួរកត់សម្គាល់ថានៅថ្ងៃ ២២ ធ្នូ នេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន និង រដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) កំពុងតែមានវត្តមានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះដែលកំពុងតែកើតមាន៕