ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសបារាំង បានចុះកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីភាពជាអ្នកស្ម័គ្រចិត្តអន្តរជាតិសម្រាប់បម្លាស់ប្តូរ និងសាមគ្គីភាព។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ នឹងពង្រឹងតួនាទីស្នូលរបស់ខ្លួនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការបញ្ជូនយុវជន យុវនារី បម្លាស់ប្តូរ និងការអភិវឌ្ឍប្រកបដោយចីរភាព និងសាមគ្គីភាព។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា កិច្ចព្រមព្រៀងនេះ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង លោក Benoît Guidée ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ France Volontaires និងអង្គការសមាជិករបស់ខ្លួន កំពុងបំពេញការងារជាមួយសង្គមស៊ីវិល សមូហភាពដែនដី និង ស្ថាប័នសាធារណៈកម្ពុជា និង បារាំង។ នៅឆ្នាំ២០២៤ មានអ្នកស្ម័គ្រចិត្តបារាំងជាង២០០ នាក់ នៅកម្ពុជា និង អ្នកស្ម័គ្រចិត្តកម្ពុជា១៧ នាក់ នៅបារាំងដែលបានបន្តជំរុញសាមគ្គីភាពនេះរវាងប្រទេសយើងទាំងពីរ។
ជាមួយនឹងកិច្ចព្រមព្រៀងខាងលើ បម្លាស់ប្តូរអ្នកស្ម័គ្រចិត្តនឹងទទួលបានភាពងាយស្រួល ហើយភាពជាអ្នកស្ម័គ្រចិត្តអន្តរជាតិ សម្រាប់បម្លាស់ប្តូរ និងសាមគ្គីភាព នឹងពង្រឹងតួនាទីស្នូលរបស់ខ្លួនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការបញ្ជូនយុវជន យុវនារី បម្លាស់ប្តូរ និងការអភិវឌ្ឍប្រកបដោយចីរភាព និងសាមគ្គីភាព៕