681 ezgif.com resize
Swift cc time

អាម៉េរិកអំពាវនាវជាថ្មីឱ្យកម្ពុជា-ថៃបញ្ចប់ការប្រយុទ្ធ និងគាំទ្រកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក៖សហរដ្ឋអាម៉េរិក នៅថ្ងៃទី ២១ ធ្នូ បានបន្តអំពាវនាវដល់ប្រទេសកម្ពុជា និង ថៃឲ្យបញ្ចប់ការប្រយុទ្ធគ្នា ហើយស្វាគមន៍ចំពោះមេដឹកនាំអាស៊ាន ដែលមកជួបជុំគ្នានៅថ្ងៃនេះ នៅប្រទេសម៉ាឡេស៊ី។ការប្រកាសជាថ្មីរបស់អាម៉េរិក គឺធ្វើឡើងបន្ទាប់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា បានឈានចូលដល់សប្តាហ៍ទី៣។

យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរងក្រសួងការបរទេសអាម៉េរិក បានគូសបញ្ជាក់ថា អាម៉េរិក បន្តអំពាវនាវដល់ប្រទេសកម្ពុជា និង ថៃឲ្យបញ្ចប់អរិភាព, ដកអាវុធធុនធ្ងន់, បញ្ឈប់ការដំឡើងមីន និង អនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ ដែលរួមមានយន្តការ ដើម្បីពន្លឿនការបោសសម្អាតមីនផ្នែកមនុស្សធម៌ និង ការដោះស្រាយបញ្ហាព្រំដែន។

ជាមួយគ្នានោះ សហរដ្ឋអាម៉េរិក សូមស្វាគមន៍ ចំពោះមេដឹកនាំអាស៊ាន ដែលបានមកជួបគ្នានៅសប្តាហ៍នេះ ដើម្បីគាំទ្រប្រទេសកម្ពុជា និងថៃ ក្នុងការគោរពពេញលេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះនេះ។

គួរបញ្ជាក់ថា ការប្រកាសរបស់អាម៉េរិកនេះ ធ្វើឡើងខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (SAMM) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២២ ធ្នូនេះ។ កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសដល់ប្រទេសជាសមាជិកអាស៊ាន ចូលរួមពិភាក្សា និង ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព ដោះស្រាយជម្លោះតាមរយៈការទូត និង ការសន្ទនា៕


Khcct banner

អត្ថបទទាក់ទង